ព័ត៌មានអន្តរជាតិ

ទីក្រុងតៃវ៉ាន់នានា បង្កើនការរឹតបន្តឹង ក្រោយករណីឆ្លង កូវីដ១៩ កើនឡើង

បរទេស៖ ទីក្រុង នៅកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនការរឹតបន្តឹង លើការធ្វើដំណើរទៅក្នុង ទីសាធារណៈនានា ដូចជាកន្លែងហាត់ប្រាណ និងបណ្ណាល័យជាដើម ក្រោយមានការកើនឡើង ក្នុងករណីឆ្លងជម្ងឺ កូវីដ១៩ក្នុងស្រុក ដែលជះឥទ្ធិពលអាក្រក់ ដល់ទីផ្សារភាគហ៊ុន និងបង្កការភិតភ័យ ចំពោះកោះមួយនេះ។

វិធានការទប់ស្កាត់ទុកមុន ដ៏មានប្រសិទ្ធភាព ដែលរួមមានទាំងការ បិទព្រំដែនរបស់ខ្លួនផងនោះ បានទទួលភាពជោគជ័យ ក្នុងការការពារតៃវ៉ាន់ ពីការរាតត្បាតឆ្លងដ៏អាក្រក់បំផុត ហើយតាមសេចក្តីរាយការណ៍ មកទល់ពេលបច្ចុប្បន្ននេះ កោះលទ្ធិប្រជាធិបតេយ្យនេះ មានករណីឆ្លងជម្ងឺកូវីដ១៩ ត្រឹមតែ១.២៣១ប៉ុណ្ណោះ។

ប៉ុន្តែទីផ្សារនិងរដ្ឋាភិបាល មានការជ្រួលច្រាល ចាប់តាំងពីមាកការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកជាថ្មី នៅចុងខែមុន ហើយនៅថ្ងៃពុធសប្ដាហ៍មុន មានការណីឆ្លងក្នុងស្រុកថ្មី ចំនួន១៦ករណី ដែលនោះ គឺជាកំណត់ត្រាដ៏ខ្ពស់មួយ ក្នុងករណីឆ្លងប្រចាំថ្ងៃ។

តាមសេចក្តីរាយការណ៍ ទីក្រុង New Taipei City ដែលស្ថិតនៅជុំវិញ រដ្ឋធានីតៃប៉ិក និងទីដែលមានករណីថ្មីខ្លះ ត្រូវបានគេរាយការណ៍នោះ បានបញ្ជាឲ្យបណ្ណាល័យ និងហាងកាហ្វេបិទទ្វារ ស្របពេលដែលទីក្រុងតៃប៉ិក បានបញ្ជាដាក់កម្រិត ចំនួនមនុស្សឲ្យមានតែ​ ១​០០នាក់ប៉ុណ្ណោះ នៅក្នុងកន្លែងហាត់ប្រាណ ក្នុងពេលតែមួយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top