ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក បើកកិច្ចពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្ដិការអាស៊ាន លើវិស័យចំនួន ៧

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធីដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយផ្អែកលើគោលនយោបាយថ្មី នៃទីក្រុងសេអ៊ូល និងយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន។

ក្រសួងបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សាវីដេអូនោះភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀប ដែលអាចធ្វើការជាមួយសមាគមអាស៊ានទាំង ១០ប្រទេស សម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានសារៈសំខាន់នៅក្នុងវិស័យចំនួន ៧ រួមមានសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត កំណើនបៃតង និងការច្នៃប្រឌិតឌីជីថល។ ។

គោលនយោបាយថ្មីកូរ៉េខាងត្បូង ដែលជំរុញដោយរដ្ឋាភិបាលលោក មូន ជេអ៊ីន គឺមានគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាពិសេសសមាជិកអាស៊ានទាំង ១០ រួមមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ភាគីទាំងពីរដឹកនាំដោយលោក Park Jae-kyung អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍នៅឯ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល និងលោក Atul Keshap ឧបការីរងអនុរដ្ឋមន្រ្តីក្រសួងកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកអាមេរិក។

ទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អ្នកទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការគាំទ្រ ដើម្បីជួយបណ្តាប្រទេសអាស៊ាន ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធវេជ្ជសាស្ត្រទូទៅ ដើម្បីជំនះជំងឺនេះ និងលើកកម្ពស់សេវាកម្មថែទាំ សុខភាពរបស់ពួកគេ។

ភាគីទាំងពីរក៏បានសម្រេចចិត្ត ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជួយដល់អាជីវកម្មរកឃើញឱកាសថ្មីៗ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា នៅក្នុងតំបន់អាស៊ាន។

មន្ត្រីក្រសួងបានឲ្យដឹងផងដែរថា“ កិច្ចប្រជុំនេះ គឺមានអត្ថន័យពីការមើលវា នៅក្នុងក្របខ័ណ្ឌនៃការពង្រីកគោលនយោបាយថ្មី របស់កូរ៉េខាងត្បូង ហើយក៏ជាការលើកកម្ពស់សម្ព័ន្ធភាព និងទំនាក់ទំនងទ្វេភាគី ជាមួយសហរដ្ឋអាមេរិក” ៕

ដោយ ឈូក បូរ៉ា

To Top