ព័ត៌មានអន្តរជាតិ

លោក Blinken៖ អាមេរិក នឹងមិនទុកអូស្ត្រាលី ចោលឲ្យប្រឈមមុខ នឹងសម្ពាធចិនតែឯងនោះទេ

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងមិនទុកប្រទេសអូស្ត្រាលីឲ្យនៅតែឯង ប្រឈមមុខនឹងសម្ពាធ សេដ្ឋកិច្ចពីប្រទេសចិនទេ និងថា អាកប្បកិរិយាបែបនេះចំពោះសម្ពន្ធមិត្តអាមេរិក នឹងធ្វើឲ្យបះពាល់ដល់ការធ្វើឲ្យប្រសើរឡើង នៃចំណងមិត្ភភាពអាមេរិក និងចិន។

ទីក្រុងវ៉ាស៊ីនតោន បានធ្វើការរិះគន់ដដែល ចំពោះអ្វីដែលខ្លួននិយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងប៉េកាំង សម្លុតគម្រាមប្រទេសជិតខាង ជាមួយការប្រកួតប្រជែង ផ្នែកផលប្រយោជន៍ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្វះស្វែងជំរុញបង្កើនចំណងមិត្តភាព ជាមួយសម្ពន្ធមិត្តនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងអំណាចកំពុងកើនឡើងរបស់ចិន។

នៅក្នុងសន្និសីទកាសែតមួយ ជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Marise Payne នោះ លោក Blinken បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក នឹងមិនទុកប្រទេសអូស្ត្រាលីចោល នៅលើទីលានតែម្នាក់ឯងនោះទេ ឬក៏ខ្ញុំគួរតែនិយាយថា តែម្នាក់ឯងលើទីលាន ប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចពីប្រទេសចិន”។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Blinken ក៏បានមានប្រសាសន៍ផងដែរថា “ហើយយើងបានប្រាកដក្នុងចិត្ត ចំពោះសាធារណរដ្ឋប្រជាមានិតចិនថា ទង្វើផ្តោតគោលដៅលើដៃគូ និងសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង នឹងរារាំងដល់ការធ្វើឲ្យប្រសើរឡើង ក្នុងចំណងមិត្តភាពរបស់ យើងផ្ទាល់ជាមយប្រទេសចិន” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top