បរទេស ៖ ស្តេច នៃប្រទេសម៉ារ៉ុក ព្រះអង្គ Mohammed VI នៅថ្ងៃសុក្រសប្ដាហ៍នេះ បានព្រះរាជបញ្ជា ឲ្យបញ្ជូនជំនួញចំនួន៤០តោន ដឹកទៅកាន់តំបន់ West Bank និងហ្គាហ្សា ដើម្បីប្រគល់ឲ្យដល់ជនជាតិ ប៉ាឡេស្ទីន ក្រោយមានការប្រយុទ្ធគ្នា ក្នុងពេលថ្មីៗនេះ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Jerusalem Post នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តថ្លែង ការណ៍មួយ ក្រសួងការបរទេសម៉ារ៉ុក បាននិយាយថា ជំនួយនោះ រួមមានចំណីអាហារ ឱសថនិងភួយ ហើយនឹងត្រូវដឹកជញ្ជូន ទៅតាមយន្តហោះយោធា ។
ក្រៅពីនេះ ប្រទេសម៉ារ៉ុកក៏បានសម្តែង ការថ្កោលទោសជាខ្លាំង ចំពោះទង្វើប្រកប ដោយហិង្សានានា ធ្វើឡើងក្នុងទឹកដីមានពលរដ្ឋប៉ាឡេស្ទីន រស់នៅភាគច្រើនផងដែរ និងបានបង្ហាញជាថ្មីម្តងទៀត នូវការគាំទ្រឲ្យមានដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
គួរបញ្ជាក់ថា ប្រទេសម៉ារ៉ុក បានបន្តជាថ្មី នូវចំណងមិត្តភាពជាមួយអ៊ីស្រាអែល នៅក្នុងខែធ្នូ ជាផ្នែកនៃកិច្ចចរចាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដែលក៏រួមមានការទទួលស្គាល់ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអធិបតេយ្យភាពម៉ារ៉ុក ជុំវិញតំបន់វាលខ្សាច់ សាហារ៉ាភាគខាងលិច៕ ប្រែសម្រួល៖ប៉ាង កុង