ព័ត៌មានអន្តរជាតិ

ការសិក្សា៖ វ៉ាក់សាំង AstraZeneca ចាក់លើកទី១ បាន៤សប្តាហ៍ ប្រសិទ្ធភាពបង្កើតភាពស៊ាំជាង ៩៧ភាគរយ, Sinovac បង្កើតភាពស៊ាំជាង ៩៩ភាគរយ ក្រោយចាក់លើកទី២ បាន៤សប្តាហ៍ (Video)

បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិន និងរូបមន្តដោយ AstraZeneca ទាំងពីរ ត្រូវបានគេរកឃើញថា ជួយបង្កើនការឆ្លើយតបរបស់ អង្គបដិប្រាណចំពោះ អ្នកទទួលវ៉ាក់សាំងស្ទើរតែទាំងអស់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នេះគឺជាលទ្ធផលនៃការសិក្សាទៅក្នុងកម្មវិធីចាក់វ៉ាក់សាំង ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកវេជ្ជសាស្ត្រ នៃមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។

លោកសាស្រ្តាចារ្យ Sirirerk Songwilai លេខាធិការអចិន្រៃ្តយ៍នៃការស្រាវជ្រាវវិទ្យាសាស្ត្រឧត្តមសិក្សា និងច្នៃប្រឌិត បាននិយាយថារហូតដល់ ៩៧,២៦% នៃប្រជាជនដែលទទួលបានវ៉ាក់សាំង AstraZeneca ត្រូវបានគេរកឃើញថា មានការវិវត្តនៃភាពស៊ាំក្នុងការធ្វើតេស្តដែលបានធ្វើឡើង ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង។

លោកបន្ថែមថា ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac ការស្រាវជ្រាវបានរកឃើញថា ៩៩,៤៩% នៃអ្នកទទួលបានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណ ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ , និងប្រសិទ្ធភាព ៦៥,៩% បានវិវត្តទៅជាប្រព័ន្ធភាពស៊ាំ ៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top