ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ពិភាក្សាតាមទូរស័ព្ទអំពី បញ្ហាតំបន់ហ្គាហ្សា ជាមួយរដ្ឋមន្ត្រីការបរទេសកាតា អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីអំពើហិង្សា ក្នុងប្រទេសអ៊ីស្រាអែល តំបន់ West Bank និងតំបន់ហ្គាហ្សា ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកាតា អេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត។

លោក Blinken និងលោក Mohammed bin Abdulrahman Al-Thani តាមសេចក្តីរាយការណ៍ បានធ្វើការពិភាក្សាគ្នា អំពីកិច្ចប្រឹងប្រែងស្តារភាពសុខស្ងប់ឡើងវិញ ក្នុងប្រទេសអ៊ីស្រាអែល ព្រមទាំងក្នុងតំបន់ West Bank និងតំបន់ហ្គាហ្សា ក្រោយមានសោកនាដកម្មបាត់បង់ជីវិតជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយថា មន្ត្រីទាំងពីររូប បានពិភាក្សាគ្នាអំពីការវាយប្រហារថ្មីៗ របស់អ៊ីស្រាអែល ទៅលើអ្នកធ្វើសក្ការបូជានៅ Al Aqsa និងការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប។

ក្រសួងការបរទេសកាតា បានបន្ថែមទៀតថា លោក Al-Thani បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ឲ្យមានចំណាត់ការបន្ទាន់ធ្វើឡើង ដោយសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា និងព្រះវិហារ Al-Aqsa Mosque៕

ប្រែសម្រួល៖ ប៉ាង កុង

To Top