ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ផ្តល់ថ្នាំវ៉ាក់សាំង J&J សម្រាប់កងទ័ព កូរ៉េខាងត្បូង

បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយប្រាប់ នៅថ្ងៃចន្ទនេះថា យោធាសហរដ្ឋអាមេរិក បានស្នើផ្តល់ថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណា J&J សម្រាប់កងទ័ព របស់ប្រទេសកូរ៉េខាងត្បូង ស្របពេលដែល ប្រទេសកូរ៉េខាងត្បូង ខំប្រឹងប្រែងលំបាក ជាមួយកង្វះខាតថ្នំាំវ៉ាក់សំាង កូវីដ១៩។

សំណើផ្តល់ជូននេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង នៅក្នុងពេលប៉ុន្មានថ្ងៃ មុនលោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន នឹងធ្វើទស្សនកិច្ច ទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួបកំពូល ជាលើកដំបូងរបស់លោក ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ស្របពេលមានការស្នើឲ្យលោក មូន ទិញបន្ថែមនិងទទួលបាន កាន់តែលឿន នូវថ្នាំវ៉ាក់សាំងផលិត ដោយអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងាររបស់ប្រទេសកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ប្រាប់ថា កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានស្នើផ្តល់ថ្នាំវ៉ាក់សាំង J&J ចំនួន១៣.០០០ដូស ប៉ុន្តែក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបដិសេធមិនបញ្ជាក់ ពីចំនួនថ្នាំវ៉ាក់សាំង ដែលកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ផ្តល់ឲ្យនោះទេ តែនិយាយថា ខ្លួនកំពុងតែពិភាក្សាគ្នា អំពីវិធីប្រើប្រាស់ថ្នាំវ៉ាក់សាំងនោះ ជាមួយកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង និងអាជ្ញាធរសុខាភិបាល។

គួរបញ្ជាក់ថា នៅក្នុងខែមីនា កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំង J&J តែមួយដូស ឲ្យដល់កងទ័ពខ្លួន និងសមាជិកពាក់ព័ន្ធនានា ក្រោយមានការអនុញ្ញាត របស់រដ្ឋបាលផ្នែកចំណីអាហារ និងឱសថសហរដ្ឋអាមេរិក នៅក្នុងខែកុម្ភៈមក៕ ប្រែសម្រួល៖ប៉ាង កុង

To Top