ព័ត៌មានអន្តរជាតិ

ក្រោយវាយប្រហារ​ យ៉ាងធ្ងន់ធ្ងរ លើតំបន់កាហ្សា អ៊ីស្រាអែល សម្រេចបើកឲ្យឆ្លងកាត់តំបន់នេះ បណ្ដោះអាសន្ន ដើម្បីផ្ដល់ជំនួយ មនុស្សធម៌

យេរ៉ូសាឡឹម ៖ ប្រទេសអ៊ីស្រាអែល នឹងបើកជាថ្មីជាបណ្តោះអាសន្ន នូវទំនិញឆ្លងកាត់សំខាន់ របស់តំបន់កាហ្សា ឆ្លងកាត់ទីក្រុង Kerem Shalom នៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការផ្ទេរជំនួយមនុស្សធម៌ អុកស៊ីសែន អាហារ និងថ្នាំពេទ្យទៅកាន់ទឹកដី ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។

អ្នកនាំពាក្យរដ្ឋាភិបាល អ៊ីស្រាអែល បានប្រាប់ស៊ីនហួថា ការឆ្លងកាត់នេះ នឹងត្រូវបើកជាថ្មី សម្រាប់រយៈពេលពីរ ទៅបីម៉ោង ដើម្បីផ្ទេរជំនួយមនុស្សធម៌ ទៅឱ្យទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីប។

ការសម្រេចនេះ បានកើតឡើងចំថ្ងៃទី ៨ នៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងមេដឹកនាំហាម៉ាសរបស់កាហ្សា ដោយបានសម្លាប់ ប្រជាជនប៉ាឡេស្ទីន ២០៤ នាក់ក្នុងនោះមានកុមារ ៥៩ នាក់ និងអ៊ីស្រាអែល ១០ នាក់រួមទាំងក្មេងប្រុសអាយុ ៥ ឆ្នាំ និងទាហានម្នាក់។

ជម្លោះរវាងប្រទេស អ៊ីស្រាអែល និងប៉ាឡេស្ទីន នៅមិនទាន់ថមថយកំដៅនៅឡើយទេ ដោយប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុក្កែត រាប់ពាន់គ្រាប់ចូលទឹកដីអ៊ីស្រាអែល ប៉ុន្ដែគ្រាប់រ៉ុក្កែតទាំងនោះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធ ការពារដែនអាកាសអ៊ីស្រាអែល ស្ទើតែទាំងស្រុង ។

នៅក្នុងនោះដែរជាលទ្ធផល ប្រទេសអ៊ីស្រាអែល បានឆ្លើយតបដោយបើកការ វាយប្រហារតាមផ្លូវអាកាស ដោយទម្លាក់គ្រាប់បែក និងបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ ភាគច្រើន ជាកុមារ និងស្រ្តី សហគមន៍អន្ដរជាតិ បានអំពាវនាវឲ្យភាគី ទាំងពីរបញ្ឈប់ជម្លោះប្រដាប់ អាវុធនេះជាបន្ទាន់ ប៉ុន្ដែនៅមិនទាន់ឃើញសញ្ញាណាមួយបង្ហាញពីការថមថយឡើយ ៕
ដោយ ឈូក បូរ៉ា

To Top