ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដចែកចាយវ៉ាក់សាំង ដល់ពិភពលោក ដើម្បីបង្កើនឥទ្ធិពល ការទូតវ៉ាក់សាំង ដូចចិន និងរុស្ស៊ីដែរ

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងចែករំលែក ជាមួយប្រទេសដទៃទៀត នូវវ៉ាក់សាំងការពារ ជំងឺឆ្លងចំនួន ២០ លានដូសបន្ថែមទៀត ដែលបង្កើនការផ្គត់ផ្គង់ សរុបរបស់ខ្លួន សម្រាប់ការចែកចាយជាអន្តរជាតិ ដល់ចំនួន ៨០ លានដូស នៅចុងខែមិថុនា។

រដ្ឋបាល របស់លោកប្រធានាធិបតីលោកចូ បៃដិន បានប្រកាសកាលពីចុងខែមេសាថា ខ្លួននឹងចែករំលែកភាគហ៊ុនរបស់ខ្លួននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca Plc ចំនួន ៦០ លានដូស ដែលមិនទាន់ត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោក បៃដិន បានលើកឡើងថា ប្រទេសរបស់លោក បានសម្រេចចិត្តចែក ថ្នាំបង្ការដែលត្រូវបានអនុញ្ញាតិ ឲ្យប្រើប្រាស់ក្នុងប្រទេសផងដែរ។

ខណៈដែលសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងចែកចាយវ៉ាក់សាំងច្រើនជាងប្រទេសដទៃទៀត រហូតមកដល់បច្ចុប្បន្ន រួមទាំងប្រទេសចិន និងរុស្ស៊ី ដែលត្រូវបានគេស្គាល់ថា កំពុងស្វែងរកការពង្រីកខ្លួន របស់ពួកគេលើឥទ្ធិពលតាមរយៈ “ការទូតវ៉ាក់សាំង “។

លោកបានលើកឡើងថា“ យើងនឹងមិនប្រើប្រាស់វ៉ាក់សាំងរបស់យើង ដើម្បីទទួលបានការអនុគ្រោះពីប្រទេសដទៃទៀតនោះទេ” បើទោះបីជាគេដឹងថា ប្រទេសចិន និងរុស្ស៊ី ជាពិសេសក្រុងប៉េកាំង បានចែករំលែកវ៉ាក់សាំងរបស់ខ្លួន យ៉ាងយើងទៅកាន់ពិភពលោក។

សហរដ្ឋអាមេរិក នឹងធ្វើការជាមួយ COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលជាវេទិកាចែកចាយវ៉ាក់សាំងអន្តរជាតិ និងដៃគូដទៃទៀត ដើម្បីធានាថាវ៉ាក់សាំងត្រូវបានផ្តល់ជូនតាមរបៀបមួយ ដែលមានសមភាព និងអនុវត្តតាមទិន្នន័យវិទ្យាសាស្ត្រ និងសុខភាពសាធារណៈ។

ដោយធ្វើការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យពិភពលោក សហរដ្ឋអាមេរិក នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លងវីរុសកូវីដ-១៩នេះ។ លោកសង្ឃឹមថា នឹងប្រកាសអំពីវឌ្ឍនភាពនៅក្នុងតំបន់នៅឯកិច្ចប្រជុំកំពូលនៃក្រុមទាំង៧ G-7 ដែលនឹងត្រូវធ្វើឡើងនៅចក្រភពអង់គ្លេស ក្នុងខែមិថុនា៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×