បរទេស ៖ រដ្ឋាភិបាលនៃប្រទេសសហភាព អារ៉ាប់រួម នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវិនិយោគផ្ទាល់ ពីបរទេសចូលមក ក្នុងសហភាពអារ៉ាប់រួម បានកើនឡើងដល់ចំនួន១៩,៨៨ពាន់លានដុល្លារ គឺកើនចំនួន៤៤ភាគរយ បើប្រៀបនឹងឆ្នាំមុននោះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បាននិយាយប្រាប់ ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតថា ការរួមចំណែកដល់តួលេខនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំ ដែលធ្វើឡើងដោយក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Co (ADNOC) ។
រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Abdullah al-Marri បានមានប្រសាសន៍ថា សហភាពអារ៉ាប់រួម នឹងបោះជំហាន ទៅមុខជាមួយគោលគំនិត បង្កើនប្រសិទ្ធភាពបរិយាកាស ពាណិជ្ជកម្ម ពង្រឹងទំនុកចិត្តអ្នកវិនិយោគ បង្កើនឱកាសក្នុងវិស័យអាទិភាពនានា និង បង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង នៅកម្រិតក្នុងស្រុកនិងសហព័ន្ធ ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍វិនិយោគពិភពលោក ឆ្នាំ២០២០របស់ UNCTAD បានឲ្យដឹងថា សហភាពអារ៉ាប់រួម បានឃើញលំហូចូល នៃកំណើនវិនិយោគបរទេសផ្ទាល់ ចំនួន៣២ភាគរយ នៅចន្លោះឆ្នាំ២០១៨និង២០១៩ ដោយមានទឹកប្រាក់ វិនិយោគដល់ទៅ១៣,៨ពាន់លានដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង