ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកឥណ្ឌា បញ្ចេញនាវាមុជទឹក, ឧទ្ធម្ភាគចក្រ និងនាវាចម្បាំង ទៅជួយសង្គ្រោះ ក្រោយពីព្យុះ Taukte វាយប្រហារពន្លិចនាវា Barge “P305” ផ្ទុកមនុស្សជិត៣០០នាក់

បរទេស៖ កងទ័ពជើងទឹកឥណ្ឌាកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដ៏សំខាន់មួយនៅសមុទ្រអារ៉ាប់ បន្ទាប់ពី នាវា Barge “ P៣០៥” ត្រូវបានប្រកាសជាផ្លូវការថា បានលិចនៅជិតកន្លែងបូមប្រេងនៅឆ្នេរ Bombay ដោយសារព្យុះស៊ីក្លូន Taukte ក្នុងអំឡុងពេលព្រឹកថ្ងៃអង្គារ។ មនុស្សសរុបចំនួន ២៧៣ នាក់បានស្ថិតនៅ លើនាវានោះដែលក្នុងនោះមាន ១៤៦ នាក់ត្រូវបានជួយសង្គ្រោះដោយនាវាចម្បាំង នៃកងនាវាចរឥណ្ឌា INS Kochi និង INS Kolkata ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីពង្រីកប្រតិបត្តិការជួយសង្គ្រោះ គឺកងនាវាចរឥណ្ឌាបានដាក់ពង្រាយនាវាមុជទឹកមួយគ្រឿង យន្តហោះឈ្លបយកការណ៍ តាមសមុទ្រ និងយន្តហោះ Boeing P8I ចូលក្នុងសេវាកម្ម។ យន្ដហោះត្រូវបានបំពាក់ជាមួយ ឧបករណ៍ចាប់សញ្ញាដើម្បីរកវត្ថុតូចបំផុតនៅក្នុងសមុទ្រ។

បើតាមសារព័ត៌មានឥណ្ឌាបានផ្សាយថា កងទ័ពជើងទឹកឥណ្ឌាក៏បានដាក់ពង្រាយឧទ្ធម្ភាគចក្រ Seaking42 ដើម្បីជួយសម្រួលដល់ការវាយតម្លៃស្ថានការណ៍។ បន្ថែមលើនេះ នាវាជំនួយនៅឯនាយសមុទ្រ Energy Star និង Great Ship Ahalya ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top