ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​​ ស្នើឲ្យមាន បទឈប់បាញ់គ្នា ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន

បរទេស៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានស្នើឲ្យមានបទឈប់បាញ់គ្នា ក្នុងការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន គឺពួកហាម៉ាស់ និងស្នើផ្តល់ជំនួយបន្ថែម ដើម្បីជួយពួកប៉ាឡេស្ទីន នៅមុនកិច្ចពិភាក្សាបន្ទាន់ របស់សហភាពអឺរ៉ុប។

សំណើឲ្យមាន បទឈប់បាញ់គ្នា របស់អាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយលោកប្រធានាធិបតី អាមេរិក ចូ បៃដិន គាំទ្រឲ្យមានបទឈប់បាញ់គ្នាមួយ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រី អីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទសប្ដាហ៍នេះ។

ស្របពេលដែលមាន ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត រវាងអ៊ីស្រាអែល និងពួកប៉ាឡេស្ទីន ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះនោះ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សាយបន្តផ្ទាល់ លើបណ្ដាញផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានមានប្រសាសន៍ដូច្នេះថា “ការបញ្ចប់អំពើហិង្សា គឺជាអាទិភាពចម្បង”។

ដោយប្តេជ្ញាចំណាយប្រាក់ ៤០លានអឺរ៉ូ ស្មើនឹង ៤៨,៨៦លានដុល្លារអាមេរិក សម្រាប់បង្កើនជំនួយមនុស្សធម៌ ឲ្យដល់ជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សានោះ លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់រូបនេះ បានមានប្រសាសន៍បន្ថែមថា “នៅក្នុងថ្ងៃនេះ ខ្ញុំនឹងធ្វើការបញ្ចុះបញ្ចូល ឲ្យមានការផ្គត់ផ្គង់ ផ្នែកមនុស្សធម៌ កាន់តែប្រសើរឡើង នៅក្នុងតំបន់ហ្គាហ្សា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top