Covid-19

សិង្ហបុរី អនុម័តប្រើថ្នាំវ៉ាក់សាំង Pfizer-BioTech សម្រាប់កុមារ

បរទេស៖ ប្រទេសសិង្ហបុរី តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឲ្យប្រើប្រាស់ ថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer-BioTech សម្រាប់កុមារ មានអាយុចន្លោះពី ១២ឆ្នាំទៅ១៥ឆ្នាំ ស្របពេលដែលករណីឆ្លងជម្ងឺកូវីដ១៩ បន្តកើនឡើងនៅក្នុងប្រទេសមួយនេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lawrence Wong បានមានប្រសាសន៍នៅពេលថ្មីៗនេះថា មាតាបិតានៅក្នុងប្រទេសសិង្ហបុរី គួរតែបង្កើនទំនួលខុសត្រូវរបស់ខ្លួន និងយកកូនរបស់ខ្លួនមកចាក់វ៉ាក់សាំង នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Straits Times។

លោក Lawrence Wong បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសូមជំរុញលើកទឹកចិត្តមាតាបិតាថា ឱកាសគឺមានសម្រាប់កូនរបស់អ្នក ដើម្បីទទួលបានការចាក់ថ្នាំវ៉ាក់សាំង មិនត្រូវគេវេស និងបដិសេធឱកាសនោះចំពោះកូនរបស់អ្នកទេ ដើម្បីឲ្យពួកគេទទួលបាន កិច្ចការពារនោះពីមេរោគ”។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី កំពុងតែជំរុញឲ្យយុវជនទទួលថ្នាំវ៉ាក់សាំង ស្របពេលដែលករណីឆ្លង មានការកើនឡើងនៅក្នុងប្រទេស បើទោះជាចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នៅមានចំនួនតូចបើប្រៀប នឹងប្រទេសជិតខាងក៏ដោយ ប៉ុន្តែករណីឆ្លងជាចង្កោម ដែលជាមធ្យមមានចំនួនប្រហែល ៣០ទៅ៥០ករណីក្នុងមួយថ្ងៃ គឺត្រូវបានគេរាយការណ៍ ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top