ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវជំរុញដំណើរការ ចរចារវាងអ៊ីរ៉ង់ និងអាមេរិក ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

ប៉េកាំង៖ ប្រេសិតចិន បានជំរុញឱ្យគ្រប់ភាគី ដែលពាក់ព័ន្ធត្រូវធ្វើការប្រឹងប្រែងឡើងវិញ ដើម្បីជំរុញដំណើរការនៃការចរចា ស្តីពីការនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឱ្យបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។

លោក Wang Qun ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងវីយែន បានធ្វើការកត់សម្គាល់បន្ទាប់ពីបានចូលរួម កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ ស្តីពីផែនការសកម្មភាពរួម (JCPOA) ឬកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់។

កិច្ចប្រជុំនេះដឹកនាំដោយលោក Enrique Mora អគ្គលេខាធិការរង និងជានាយកនយោបាយនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប និងមានការចូលរួមពីតំណាងមកពីប្រទេសចិន បារាំងអាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ផងដែរ។

លោក Wang Qun បានលើកឡើងថា ការចរចាបច្ចុប្បន្នកំពុងដំណើរការជាទូទៅ ប៉ុន្តែនៅតែឆ្ងាយពីគោលដៅនៃការឈានដល់កិច្ចព្រមព្រៀង មួយរវាងអាមេរិក និងអ៊ីរ៉ង់។

ប្រេសិតរូបនេះបានបន្ដថា គ្រប់ភាគីពាក់ព័ន្ធគួរតែលើកស្ទួយអាកប្បកិរិយាសមហេតុសមផល និងដាក់ចេញនូវសំណើជាក់ស្តែង និងអាចធ្វើទៅបានទាក់ទងនឹងការដកទណ្ឌកម្មវិធានការក្នុងវិស័យនុយក្លេអ៊ែរ និងលំដាប់ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ វិលត្រឡប់ទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីជំរុញការបង្កើតផែនការទូលំទូលាយ និងមានប្រសិទ្ធិភាព៕ ដោយ ឈូក បូរ៉ា

To Top