ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក ទ័ពជើងទឹកអាមេរិក នឹងធ្វើដំណើរពីកោះហ្គាម ទៅជប៉ុន

បរទេស៖ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះគ្មានមនុស្សបើក MQ-4C Triton របស់កងទ័ពជើងទឹក អាមេរិកចំនួនពីរគ្រឿង នឹងធ្វើដំណើរពីកោះហ្គាម ទៅកាន់ប្រទេសជប៉ុន នៅក្នុងខែនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបានលើកឡើង ពីបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង នៅជុំវិញប្រទេសជប៉ុន ដោយធ្វើការកត់សម្គាល់ថា វាសំខាន់ណាស់ដើម្បីធ្វើឲ្យប្រសើរឡើង នូវសកម្មភាពចារកម្ម ឃ្លាំមើលនិងឈ្លបយកការណ៍ ធ្វើឡើងដោយប្រទេសទាំងពីរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិជប៉ុនបាននិយាយប្រាប់បន្ថែមទៀតថា យន្តហោះគ្មាននុស្សបើកទាំងពីរនោះ នឹងបញ្ជូនទៅប្រទេសជប៉ុន ជាបណ្ដោះអាសន្ន នៅក្រោយពាក់កណ្ដាល ខែឧសភានេះ។

ទីភ្នាក់ងារសារព័ត៌មាន Stars & Stripes បានរាយការណ៍ថា នេះជាលើកទីមួយហើយ ដែលយន្តហោះគ្មានមនុស្សបើក Triton នេះ នឹងត្រូវបញ្ជូនទៅប្រទេសជប៉ុនជាបណ្ដោះអាសន្ន៕ ប្រែសម្រួល៖ប៉ាង កុង

To Top