ព័ត៌មានអន្តរជាតិ

ចិន៖ នាវាចម្បាំងអាមេរិក ធ្វើដំណើរខុសច្បាប់ ចូលដែនទឹកខ្លួន នៅសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរខុសច្បាប់ចូល ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ហើយត្រូវកងកម្លាំងរបស់ខ្លួន បណ្ដេញចេញវិញ ប៉ុន្តែការអះអាងរបស់ចិននេះ ត្រូវបានសហរដ្ឋអាមេរិកបដិសេធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការភាគខាងត្បូង របស់យោធាចិន បាននិយាយថា នាវាចម្បាំង USS Curtis Wilbur បានធ្វើដំណើរចូលក្នុងដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ដោយគ្មានការអនុញ្ញាត និងបានបន្ថែមថា នាវានិងយន្តហោះខ្លួនបានធ្វើដំណើរតាម និងបណ្តេញនាវាអាមេរិកនោះចេញ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Strait Times នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យោធាចិនបាននិយាយបន្ថែមទៀតថា ចិនប្រឆាំងនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ដែលខ្លួននិយាយថា បានបំពានអធិបតេយ្យភាពរបស់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ប៉ុន្តែកងទ័ពជើងទឹកអាមេរិកនិយាយថា នាវាចម្បាំងខ្លួននោះ បានអះអាងសិទ្ធិ និងសេរីភាពនាវាចរណ៍ នៅជិតប្រជុំកោះប៉ារ៉ាសែល ជាទីដែលចិន តៃវ៉ាន់និងវៀតណាមអះអាងកម្មសិទ្ធិ ហើយថ្លែងរបស់យោធាចិន ស្តីពីបេសកកម្មនោះ គឺមិនពិតនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top