ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប គ្រោងបញ្ជូនគណៈប្រតិភូ ទៅកាន់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីធានាបាននូវបទឈប់បាញ់

គ៊ែរ៖ ទីភ្នាក់ងារសារព័ត៌មាន MENA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេហ្ស៊ីប នឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួន ២រូប ទៅកាន់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាការអនុវត្តបទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍ MENA បានឲ្យដឹងថា“ ទីក្រុងគ៊ែរនឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួនពីរទៅកាន់ទីក្រុង Tel Aviv និងដែនដីប៉ាឡេស្ទីន ដើម្បីតាមដាននីតិវិធីអនុវត្ត នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ ដោយបទឈប់បាញ់នឹងចូល ជាធរមាននៅថ្ងៃសុក្រវេលាម៉ោង ២ រសៀលម៉ោងក្នុងតំបន់។

ការប៉ះទង្គិចគ្នារយៈពេល ១១ ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ២៣០ នាក់ក្នុងនោះមានកុមារ ៦៥ នាក់ និងអ៊ីស្រាអែល ១២ នាក់រួមទាំងក្មេងប្រុសអាយុ ៥ ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi បានទទួលការហៅទូរស័ព្ទដាច់ ដោយឡែកពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ក្នុងអំឡុងពេលនោះ បានពិភាក្សាអំពីវិធីដើម្បីបញ្ចប់ការ បង្ហូរឈាមអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ប៉ុន្មានម៉ោងមុននេះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បានជួបពិភាក្សាគ្នានៅទីក្រុងគ៊ែរ ជាមួយមន្ត្រីប៉ាឡេស្ទីន Azzam al-Ahmad សមាជិកគណៈកម្មាធិការកណ្តាល Fatah ប៉ាឡេស្ទីន ដែលក្នុងអំឡុងពេលនោះលោក Shoukry បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់អេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់ នៅតំបន់កាហ្សាផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top