ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបលើសពី ២៥លាននាក់ ខណៈហ្វីលីពីន មានអ្នកឆ្លងជំងឺថ្មី ជាង៦ពាន់នាក់

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ បានបន្តរីករាលដាល នៅក្នុងបណ្តាប្រទេស នៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៧៦.១១០ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ប៉ាគីស្ថាន ត្រូវបានគេមើលឃើញថា មានការកើនឡើង ប្រមាណ២៩ភាករយ ដែលជាករណីថ្មី ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា កើនដល់២៥.៧៧២.៤៤០នាក់ ជាមួយគ្នានេះដែរ មានករណីថ្មីចំនួន២៧៦.១១០នាក់ ដែលបានចុះក្នុងបញ្ជី នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់២៨៧.១២២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន៣.៨៧៤នាក់ ចាប់តាំងពីព្រឹកថ្ងៃអង្គារ ។ នេះជាលើកដំបូងហើយ ក្នុងរយៈពេល២-៣ថ្ងៃកន្លងទៅនេះ នៅគ្រាដែលការស្លាប់ ក្នុងមួយថ្ងៃស្ថិតក្រោម៤.០០០នាក់ ។

នាយកដ្ឋានសុខាភិបាល ហ្វីលីពីន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ដែលបានបញ្ជាក់ឲ្យដឹងចំនួន៦.១០០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១.១៦៥.១៥៥នាក់ ។

នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៩.៦៤១នាក់ បន្ទាប់ពីមានអ្នកជំងឺ១៣៥នាក់បន្ថែមទៀត បានស្លាប់ដោយសារការត្បាត នៃវីរុសកូរ៉ូណា នៅក្នុងប្រទេស អាស៊ីអាគ្នេយ៏មួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top