ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស​ ព្រមានអ៊ីស្រាអែលថា ម្រាមដៃពួកគេ ​នៅជាប់នឹងកៃកាំភ្លើង​នៅឡើយ ទោះបីមាន បទឈប់បាញ់គ្នា

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ខុទ្ទកាល័យសន្តិសុខ របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តជាឯកច្ឆន្ទ នូវគំនិតផ្តួចផ្តើមអេហ្ស៊ីប សម្រាប់បទឈប់បាញ់គ្នាទ្វេភាគី រវាងអ៊ីស្រាអែល និង ក្រុម ហាម៉ាស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Ezzat El-Reshiq សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស បានទទូចដល់ប្រទេសអ៊ីស្រាអែល ឲ្យបញ្ឈប់នូវអ្វីដែលលោក បានពិពណ៌នាថា ជាការរំលោភបំពាននៅក្រុង ហ្សេរុយសាឡឹម និងដោះស្រាយការខូចខាត ពីការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ ដែលចូលជាធរមានកាលពីថ្ងៃសុក្រ។

លោក El-Reshiq បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា “វាជាការពិតដែលសមរភូមិ ត្រូវបញ្ចប់នៅថ្ងៃនេះ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូវ និងពិភពលោកទាំងមូល គួរតែដឹងថាដៃរបស់យើង កំពុងស្ថិតនៅលើកៃកាំភ្លើង ហើយយើងនឹងបន្តបង្កើន សមត្ថភាពនៃការតស៊ូនេះ” ។

លោកបានបន្ថែមទៀតថាក្រុមហាម៉ាស ក៏បានអំពាវនាវឱ្យការពារ វិហារអ៊ីស្លាម Al-Aqsa នៅក្នុងក្រុងយេរូសាឡិម និងបញ្ឈប់ការបណ្តេញ ក្រុមគ្រួសារប៉ាឡេស្ទីនជាច្រើន ចេញពីផ្ទះរបស់ពួកគេ នៅក្រុងហ្សេរុយសាឡឹមខាងកើត ដែលអ្វីមួយដែលលោក El-Reshiq ហៅថា “បន្ទាត់ក្រហម” ៕ប្រែសម្រួលៈ ណៃ តុលា

To Top