ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក បៃដិន គួរតែពិភាក្សា គ្នាពីស្ថិរភាពយុទ្ធសាស្ត្រ 

បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បាននិយាយថា ស្ថិរភាពយុទ្ធសាស្ត្រ គួរតែជាកំពូលលើរបៀបវារៈនៃជំនួបកំពូលអនាគត រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទាំងជាមួយនឹងរឿងចំណងមិត្តភាពទ្វេភាគី។

លោក ចូ បៃដិន ដែលកាលពីក្នុងខែមីនាបាននិយាយថា លោកគិតថា លោក ពូទីន គឺជាឃាតករមួយរូប បណ្ដាលឲ្យទីក្រុងមូស្គូ កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ឲ្យវិលត្រឡប់ងទៅប្រទេស ដើម្បីធ្វើការពិភាក្សាគ្នានោះ នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកចង់ប្រារព្ធធ្វើកិច្ចពិភាក្សាជាមួយលោក ពូទីន នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅតំបន់អឺរ៉ុប នាខែក្រោយនេះ។

ចំណែកសេតវិមាន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ភាពខ្វែងគំនិតគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងត្រូវការឲ្យធ្វើការដោះស្រាយជាចាំបាច់ នៅមុនពេលមានជំនួបកំពូលបែបនោះ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលថ្មីៗនេះផងដែរ វិមានក្រឹមឡាំង បានបញ្ជាក់ប្រាប់ថា ខ្លួនកំពុងតែធ្វើការសិក្សាពីភាពអាចទៅរួចនៃការប្រារព្ធធ្វើជំនួបកំពូល សម្រាប់លោកប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីរុស្ស៊ី៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top