ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា គ្រោងនឹងរំលាយ គណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី ចោល និងនាំខ្លួនថ្នាក់ដឹក នាំបក្សនេះ មកកាត់ទោស

បាងកក ៖ កាសែតប្រឆាំងមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃសុក្រថា គណៈកម្មការរៀបចំការបោះឆ្នោត សហភាពមីយ៉ាន់ម៉ា (UEC) គ្រោងនឹងរំលាយ គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយទីប្រឹក្សារដ្ឋ គឺលោកស្រី អ៊ុងសាន ស៊ូជី ពីបទបន្លំសន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នោត នៅខែវិច្ឆិកាឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមគេហទំព័រកាសែត ប្រឆាំងនោះ គឺលោក Thein Soe ដែលជាប្រធានគណៈកម្មាធិការ រៀបចំការបោះឆ្នោត ដែលទើបត្រូវបានតែងតាំងថ្មី បានប្រកាសសេចក្តី សម្រេច កាលពីព្រឹកថ្ងៃសុក្រ ក្នុងកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដោយបន្ថែមថា មេដឹកនាំគណបក្ស NLD ទាំងអស់នឹងត្រូវនាំខ្លួន កាត់ទោសដើម្បីយុត្តិធម៌ ក្នុងនាមជាជនក្បត់ជាតិ ។

កាលពីខែកុម្ភៈ យោធា មីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដោយដាក់លោកស្រីស៊ូជី និង ប្រធានាធិបតី Win Myint និងសមាជិក នៃគណៈរដ្ឋមន្រ្តីរបស់លោកស្រី នៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដោយចោទប្រកាន់ពីបទឆបោក ការបោះឆ្នោត ។ អាជ្ញាធរថ្មីបានប្រកាស ភាពអាសន្នរយៈពេលមួយឆ្នាំ ដោយសន្យាថា នឹងធ្វើការបោះឆ្នោត ដោយយុត្តិធម៌៕
ប្រែសម្រួលៈ ណៃ តុលា

To Top