ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួស១០នាក់ ក្នុងអំពើបាញ់ប្រហារមួយ នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់ បានស្លាប់ និង០៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។

នាយកដ្ឋាននគរបាលក្រុង Minneapolis បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹង “ភាពចលាចលនៅកន្លែងកើតហេតុ” នៅវេលាម៉ោង១និង៥៩នាទីព្រឹក ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅឯរង្គសាលមួយកន្លែង កណ្តាលទីក្រុងនេះ ។

តាមការស៊ើបអង្កេតបឋម បានត្រូវគេប្រកាសថា មនុស្សពីរនាក់ បានទាញកាំភ្លើងបាញ់គ្នា ដោយចាប់ផ្តើមបាញ់តទល់គ្នា ។

នាយកដ្ឋានបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “ក្នុងចំណោមជនរងគ្រោះ ដែលត្រូវគ្រាប់ចំនួន១០នាក់ ព័ត៌មានបឋមបានបង្ហាញថា សុទ្ធតែមនុស្សពេញវ័យទាំងអស់ ។ ០៥នាក់ជាបុរស និង០៥នាក់ទៀតជាស្ត្រី ។ ០២នាក់ ដែលបានស្លាប់គឺជាបុរស ។ បុរសម្នាក់បានរងរបួសធ្ងន់ និង០៧នាក់ មិនអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ” ។

ឧប្បត្តិហេតុនេះបានកើតឡើង នៅតាមបណ្តោយផ្លូវប្លុក៣០០ នៃភាគខាងជើងផ្លូវរុក្ខវិថីទី១ ។ ឈ្មោះរបស់ក្រុមជនរងគ្រោះ និងជនសង្ស័យ មិនបានប្រកាស ជាសាធារណៈនោះទេ ។

លោក Medaria Arradondo អធិការក្រុង Minneapolis បានលើកឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា “អំពើឥតសណ្តាប់ធ្នាប់ទំាងនេះ ត្រូវបានបញ្ឈប់ ។ ជនល្មើសនៃបទឧក្រិដ្ឋទាំងនេះ មិនគួរផ្តល់ការស្វែងរកទីជម្រក ឬអនាមិក នៅក្នុងសហគន៍របស់យើងឡើយ “ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top