ព័ត៌មានអន្តរជាតិ

បេឡារុស ច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបង្ខំឱ្យយន្តហោះ Ryanair ចុះចត ជាមួយនឹងការបង្កើតព័ត៌មាន បំផ្ទុះគ្រាប់បែកក្លែងក្លាយ

បរទេស៖ យន្ដហោះ Ryanair បានធ្វើការចុះចតជាបន្ទាន់ ដោយសារការគំរាមបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី ២៣ ឧសភានៅទីក្រុង Minsk ដែលក្រោយព័ត៌មានដែលថា មានការបំផ្ទុះគ្រាប់បែកនោះ គឺជាព័ត៌មានក្លែងក្លាយ។ ក្រុមអ្នកស៊ើបអង្កេតបេឡារុស បានបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះរួចហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាននៃ អាកាសយានដ្ឋានជាតិ Minsk បាននិយាយមុននេះថា យន្ដហោះ Ryanair ដែលធ្វើដំណើរពីទីក្រុង Athens ទៅ Vilnius ត្រូវធ្វើការចុះចតជាបន្ទាន់នៅទីក្រុង Minsk ជុំវិញការគំរាមបំផ្ទុះគ្រាប់បែក ដែលក្រោយមកប្រែជាព័ត៌មានក្លែងក្លាយ។ យន្តហោះចម្បាំងមួយគ្រឿងត្រូវបាន ដាក់ពង្រាយដើម្បីហោះអមការពារយន្ដហោះ Ryanair នោះផងដែរ។

ក្រោយមកមានសេចក្តីរាយការណ៍ថា អ្នកកាសែតឈ្មោះ Roman Protasevich ស្ថាបនិកឆានែល Telegram ដែលទីក្រុង Minsk ចាត់តាំងថាជាអ្នកជ្រុលនិយមនោះ គឺត្រូវបានគេចាប់ឃុំខ្លួនក្នុងអំឡុងពេល យន្តហោះឈប់សំចតនៅព្រលានយន្តហោះ។ គាត់អាចប្រឈមនឹងការ ជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ បណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប មួយចំនួនបានថ្កោលទោសចំពោះ សកម្មភាពរបស់ទីក្រុង Minsk និងបានព្រមានប្រទេសបេឡារុស នូវផលវិបាកដែលអាចកើតមានចំពេល មានការឃុំឃាំងលោក Protasevich ។

គណៈកម្មាការមួយដើម្បីស៊ើបអង្កេត ការចុះចតបន្ទាន់របស់យន្តហោះ Ryanair នៅទីក្រុង Minsk ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសបេឡារុស្ស។ យោងតាមនាយកដ្ឋានអាកាសចរណ៍ នៃក្រសួងដឹកជញ្ជូនបេឡារុស ស្ថានការណ៍នៃឧប្បត្តិហេតុនេះនឹង ត្រូវផ្សព្វផ្សាយជាសាធារណៈ នាពេលខាងមុខនេះ។

សូមជម្រាបថា នេះមិនមែនជាលើកទី ១ ទេនៅពេលដែលយន្តហោះត្រូវបាន បង្ខំឲ្យ ចុះចតនៅអឺរ៉ុបក្នុងគោលបំណង ឃុំខ្លួនមនុស្សដែលចង់បាន។ កាលពីឆ្នាំ ២០១៣ យន្ដហោះរបស់ប្រធានាធិបតី Evo Morales ត្រូវតែចុះចតជាបន្ទាន់តាមការស្នើសុំនៅប្រទេសអូទ្រីស ក្នុងអំឡុងពេលស្វែងរកចាប់ខ្លួន ភ្នាក់ងារសន្តិសុខជាតិលោក Edward Snowden ៕

ប្រែសម្រួលៈ ណៃ តុលា

To Top