ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា នៅតែបន្ដចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ៦០ភាគរយ

តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Salehi បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នៅតែធ្វើឱ្យប្រសើរឡើងនូវ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅកម្រិត ៦០ ភាគរយ ២០ភាគរយ និង ៥ ភាគរយ ហើយខ្លួនបានប្រមូលផ្តុំ សារធាតុអ៊ុយរ៉ានីញ៉ូម ៩០គីឡូក្រាម ដែលមានចំនួន ២០ ភាគរយរួចហើយ។

ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា មន្ត្រីរូបនោះបានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទ ដែលបានធ្វើឡើងនៅវេលា ថ្ងៃត្រង់ជាមួយលោក Rafael Grossi អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ។

នៅក្នុងការសន្ទនានេះលោក Salehi បានជូនដំណឹងដល់លោក Grossi អំពីការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដើម្បីពង្រីកកិច្ចព្រមព្រៀងជាបណ្តោះអាសន្ន ទាក់ទងនឹងការឃ្លាំមើលរបស់ IAEA លើសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ រយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី២៤ ខែមិថុនា។

យោងតាមច្បាប់ដែល បានអនុម័តដោយសភាអ៊ីរ៉ង់ កាលពីខែធ្នូ AEOI ត្រូវបានតម្រូវឱ្យមានបរិមាណអ៊ុយរ៉ាញ៉ូម ២០ ភាគរយបន្ថែម ចំនួន ១២០ គីឡូក្រាមជារៀងរាល់ឆ្នាំ។

ទោះយ៉ាងណាអ៊ីរ៉ង់ មានកាតព្វកិច្ចនៅក្រោម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដើម្បីកម្រិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម របស់ខ្លួនឱ្យមានភាពបរិសុទ្ធចំនួន ៣,៦៧ ភាគរយ និងស្តុកមិនលើសពី ៣០០ គីឡូក្រាមនៃវត្ថុធាតុដើម។

អ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយ ការប្តេជ្ញាចិត្តរបស់ខ្លួនបន្តិចម្តងៗ ចំពោះកិច្ចព្រមព្រៀងមួយឆ្នាំបន្ទាប់ពី អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកប្រទេសរបស់ខ្លួនជា ឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មលើ ទីក្រុងតេអេរ៉ង់ឡើងវិញ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top