ព័ត៌មានអន្តរជាតិ

ហុងកុង នឹងបោះចោល វ៉ាក់សាំង រាប់លានដូស ដែលកៀក នឹងកាលបរិច្ឆេទ

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ CNA នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ទីក្រុងហុងកុង ត្រូវបានគេជឿជាក់ថា គឺកៀកទៅ នឹងការសម្រេចចិត្ត ក្នុងការបោះចោលនូវ វ៉ាក់សាំងការពារកូវីដ ជាច្រើនលានដូស ដោយសារតែវាកាន់តែជិត ដល់ពេលហូសកាល កំណត់ទៅហើយ។

ប្រភពដដែល បានឲ្យដឹងទៀតថា វ៉ាក់សាំងនៅសល់ ក្នុងស្តុករាប់លានដូស នឹងត្រូវបោះចោល ដោយសារតែផុតកាលបរិច្ឆេទផង និងជាពិសេសដោយសារ តែមិនមានមនុស្ស ដែលបានចុះឈ្មោះ ក្នុងការទទួលយកវាគ្រប់គ្រាន់ នៅឡើយ។

គួរឲ្យដឹងដែរថា ក្រុងហុងកុង គឺជាតំបន់មួយ ក្នុងចំណោមតំបន់ ដែលមានសំណាងបំផុត ដែលអាចមានចំនួនវ៉ាក់សាំង លើសពីភាពគ្រប់គ្រាន់ ក្នុងការចាក់ជូនពលរដ្ឋរបស់ខ្លួន ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋរបស់ក្រុងហុងកុង ទាំង ៧,៥លាននាក់ គឺមិនទាន់បានអាចចាក់វ៉ាក់សាំង គ្រប់គ្នានៅឡើយ។

នៅថ្ងៃនេះផងដែរ រដ្ឋាភិបាល ក្រុងហុងកុង ក៏បានចេញសេចក្តីប្រកាស ព្រមានផងដែរ ទៅកាន់ពលរដ្ឋរបស់ខ្លួនថា ពួកគេមានពេលវេលាតែ៣ខែទៀត ប៉ុណ្ណោះមុនពេលដែល វ៉ាក់សាំង Pfizer នៅក្នុងស្តុករបស់ខ្លួន នឹងត្រូវផុតកំណត់ទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top