Covid-19

ទម្រាំមានបទឈប់បាញ់ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសសម្លាប់ ពលរដ្ឋប៉ាឡេស្ទីនជាង ២៥០នាក់ 

កាហ្សា៖ ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់កាហ្សាស្ទ្រីប ដែលបានបញ្ចប់កាលពីថ្ងៃសុក្របានឈានដល់ចំនួន ២៥៣ នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងព័ត៌មានថ្មី ស្តីពីចំនួនអ្នកស្លាប់ក្រសួងសុខាភិបាលនៅតំបន់កាហ្សា បានឲ្យដឹងថាប្រជាជនប៉ាឡេស្ទីន ២៥៣ នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ ៦៦ នាក់ ស្ត្រី ៣៩ នាក់ និងមនុស្សចាស់ចំនួន ១៧ នាក់ និងរបួស ១៩៤៨នាក់ ក្នុងនោះមាន ២០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

កាលពីថ្ងៃច័ន្ទ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យក្មេងពីរនាក់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ ដែលជាលទ្ធផលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដោយបន្ថែមថា សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៤ នាក់ ត្រូវបានគេយកចេញពីក្រោមគំនរថ្មអគារ ដែលកំពុងសាងសង់។

កាលពីថ្ងៃសុក្រប្រទេសអេហ្ស៊ីប បានធ្វើបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) នៅតំបន់កាហ្សាស្ទ្រីប ដោយបញ្ចប់រយៈពេល ១១ ថ្ងៃនៃការដោះដូរការវាយប្រហារគ្នា។

ទន្ទឹមនឹងនោះចលនាហាម៉ាស បានរៀបចំការជួបជុំដ៏មានប្រជាប្រិយមួយនៅក្នុងទីក្រុងកាហ្សាដើម្បីរំលឹកដល់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់កាហ្សា។

វិធានការរបស់អ៊ីស្រាអែល នៅក្រុងយេរ៉ូសាឡឹមខាងកើត ការប៉ះទង្គិចគ្នារវាងប៉ូលីស និងអ្នកគោរពបូជានៅវិហារអាល់អាសា និងការសម្រេចបណ្តេញក្រុមគ្រួសារប៉ាឡេស្ទីននៅសង្កាត់ Sheikh Jarrah ក្នុងទីក្រុង បានធ្វើឱ្យមានការផ្ទុះឡើងនៃអំពើហិង្សានៅកាហ្សាកើតឡើង និងបន្សល់ទុកអ្នកស្លាប់ដូចខាងលើនេះ៕ដោយ ឈូក បូរ៉ា

To Top