ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Moderna ៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ មានសុវត្ថិភាព និងប្រសិទ្ធភាព ១០០ភាគរយ ចំពោះកុមារ អាយ១២ទៅ១៧ឆ្នាំ

បរទេស ៖ ក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង Moderna បាននិយាយ នៅថ្ងៃអង្គារនេះថា ថ្នាំវ៉ាក់សំាងកូវីដ១៩របស់ខ្លួន គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ចំពោះកុមារ មានអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ ហើយនេះជាការបើកទ្វារ ដើម្បីក្លាយជាថ្នាំវ៉ាក់សាំងទី២ សម្រាប់ចាក់ឲ្យដល់មនុស្ស វ័យជំទង់ នៅសហរដ្ឋអាមេរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន បាននិយាយថា ការសិក្សាបង្ហាញថា ថ្នាំវ៉ាក់សាំងមានប្រសិទ្ធភាព៩៣ភាគរយ ចំពោះមនុស្សវ័យជំទង់ ក្រោយចាក់ដូសទីមួយ និងមានប្រសិទ្ធភាព ១០០ភាគរយ ក្រោយ២សប្ដាហ៍ ក្រោយចាក់ដូសទី២ ហើយការសិក្សានេះ មានអ្នកចូលរួមជាង៣.៧០០នាក់ មានអាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Moderna បាននិយាយថា ខ្លួននឹងប្រគល់ទិន្នន័យ ពីការសិក្សានោះ ឲ្យដល់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថ នៅដើមខែក្រោយ ។

ប្រសិនបើត្រូវបានមន្ត្រីអាមេរិក អនុម័តយល់ព្រមមែននោះ ថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna នេះ នឹងចូលរួមជាមួយថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer ដែលថា ត្រឹមតែពីរដូស ប៉ុណ្ណោះ ទប់ស្កាត់ជម្ងឺកូវីដ១៩ដល់មនុស្សវ័យជំទង់ នៅសហរដ្ឋអាមេរិក ។ នៅក្នុងខែនេះ រដ្ឋបាល សុវត្ថិភាព ចំណីអាហារ និងឱសថ បានអនុញ្ញាតឲ្យចាក់ថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer ដល់កុមារមានអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top