ព័ត៌មានអន្តរជាតិ

អាមេរិក ងាកទៅបើកឡើងវិញ នូវស្ថានកុងស៊ុល នៅយេរ៉ូសាឡឹមខាងកើត ដើម្បីពង្រឹងទំនាក់ទំនង ជាមួយប៉ាឡេស្ទីន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសថា ប្រទេសរបស់លោក នឹងបន្តដំណើរការ នៃការបើកស្ថាន កុងស៊ុល របស់ខ្លួនឡើងវិញ នៅទីក្រុងយេរ៉ូសាឡឹមខាងកើត និងពង្រឹងទំនាក់ទំនង របស់ខ្លួនជាមួយអាជ្ញាធរ ប៉ាឡេស្ទីន។

លោក Blinken បានធ្វើការកត់សម្គាល់នេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas នៅទីក្រុង Ramallah ភាគខាងលិច ក្រោយពីមានការវាយប្រហារគ្នា យ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

ស្ថានកុងស៊ុលអាមេរិក នៅទីក្រុងយេរ៉ូសាឡឹមខាងកើត ត្រូវបានបិទនៅចុងឆ្នាំ២០១៧ នៅពេលដែលអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ទីក្រុងយេរ៉សាឡឹម ដែលមានវិវាទថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ។

ប្រជាជនប៉ាឡេស្ទីន ចាត់ទុកក្រុងយេរ៉ូសាឡឹមខាងកើត កាន់កាប់ដោយអ៊ីស្រាអែល ក្នុងសង្គ្រាមឆ្នាំ១៩៦៧ ជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ នាពេលអនាគតរបស់ពួកគេ ។

ទន្ទឹមនឹងនេះលោក Blinken បានស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអេហ្ស៊ីបដែលបានបញ្ចប់ជម្លោះរយៈពេល ១១ ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីប ដែលជាលទ្ធផលពលរដ្ឋប៉ាឡេស្ទីន ជាង ២៥០នាក់ត្រូវបានសម្លាប់។

លោក Blinken បានលើកឡើងថា “យើងស្វាគមន៍បទឈប់ បាញ់ នៅក្នុងតំបន់កាហ្សា ហើយអំពាវនាវឱ្យមានការ កសាង វាជាការសំខាន់ ដើម្បីធ្វើឱ្យមានបទឈប់បាញ់ ដោយមានការ សម្របសម្រួល ជាមួយអាជ្ញាធរប៉ាឡេស្ទីន និងអង្គការ សហប្រជាជាតិ”៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×