ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង៖ អាមេរិក ចង់បន្តកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញបំណង ចង់បន្តកិច្ចចរចានុយក្លេអ៊ែរ​ ដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង តាមរយៈការចាត់តំាង ប្រេសិតពិសេសមួយរូប។

ក្រោយការធ្វើដំណើរ ទៅសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន នៅក្នុងសន្និសីទកាសែតមួយ ជាមួយប្រធានបក្សនយោបាយធំៗ របស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា “ការចាត់តាំងតំណាងពិសេស របស់អាមេរិក ឲ្យទទួលបន្ទុកកិច្ចការកូរ៉េខាងជើង គឺស្មើទៅនឹងការស្នើថា កូរ៉េខាងជើងគួរតែបន្ត កិច្ចពិភាក្សាគ្នា”។

នៅក្នុងអំឡូងទស្សនកិច្ច របស់លោកប្រធានាធិបតី កូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភានោះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានតែងតាំងមន្ត្រីការទូត លោក Sung Kim ដែលបច្ចុប្បន្ន ជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី ឲ្យជាប្រេសិតពិសេស ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI លោក មូន ជេអ៊ីន បានមានប្រសាសន៍ដូច្នេះថា “ការយល់ស្របគ្នា ត្រូវបានបង្កើតឡើង រវាងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ដើម្បីជំរុញដំណើរការ សន្តិភាពលើឧបទ្វីបកូរ៉េ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top