ព័ត៌មានអន្តរជាតិ

អាមេរិក​ ជឿថា តៃវ៉ាន់ អាចគ្រប់គ្រង ជំងឺកូវីដ១៩បាន

បរទេស៖​ មន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំនៅទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃពុធនេះថា លោកមានទំនុកចិត្តជឿជាក់ថា តៃវ៉ាន់អាចគ្រប់គ្រងសន្ទុះឆ្លង ជំងឺកូវីដ១៩បាន ដោយធ្វើការកត់សម្គាល់ថា ចំនួននៃការឆ្លង នៅតែមានកម្រិតទាប និងថា ពួកគេកំពុងតែពិភាក្សាគ្នា ស្តីពីថ្នាំវ៉ាក់សាំង។

ក្រោយការមានសុវត្ថិភាព អស់រយៈកាលជាច្រើនខែ កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រយុទ្ធប្រឆំាង នឹងការកើនឡើង ក្នុងករណីឆ្លងនៃជម្ងឺកូវីដ១៩ ប៉ុន្តែមានការចាក់ថ្នាំវ៉ាក់សាំង បានត្រឹមតែប្រមាណ ១ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជន ជាង២៣លាននាក់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២១ បានឲ្យដឹងថា លោក Brent Christensen ជាឯកអគ្គរដ្ឋទូតតំណាងអាមេរិក នៅទីក្រុងតៃប៉ិ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងមានជំនឿចិត្តជាខ្លាំង ចំពោះសមត្ថភាព អាជ្ញាធរសុខាភិបាល របស់តៃវ៉ាន់ ក្នុងការទប់ស្កាត់ការផ្ទុះឆ្លងដ៏ថ្មីបំផុត”។

លោកបានមានប្រសាសន៍ ទៀតដូច្នេះថា “ខ្ញុំក៏បង្ហាញផងដែរថា ប្រទេសជិតខាងតៃវ៉ាន់ជាច្រើន នៅក្នុងតំបន់ ក៏កំពុងតែជួបប្រទះការផ្ទុះឆ្លង ហើយចំនួនការឆ្លងរបស់តៃវ៉ាន់ គឺនៅស្ថិតនៅក្នុងចំណោម ចំនួនដ៏ទាបបំផុត នៅក្នុងពិភពលោក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top