ព័ត៌មានអន្តរជាតិ

យានអវកាស នាំស្បៀងរបស់ចិន បានទៅដល់ស្ថានីយ៍ អវកាសថ្មី របស់ខ្លួនហើយ

ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ទីភ្នាក់ងារអវកាសចិន បានប្រកាសថា យានអវកាសស្វ័យ ប្រវត្តិចំនួន០១គ្រឿង បានចតនៅឯស្ថានីយ៍ អវកាសថ្មី របស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ដោយផ្ទុកឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ សម្រាប់នាវិក នាពេលអនាគតរបស់ខ្លួន ។

ទីភ្នាក់ងារអវកាសចិន ហៅកាត់ថា (CMSA) បានឲ្យដឹងថា យានអវកាស Tianzhou-2 បានទៅដល់ស្ថានីយ៍ Tianhe ក្នុងរយៈពេល៨ម៉ោង បន្ទាប់ពីបានបំផ្ទុះចេញពីកោះហៃណាន នៅសមុទ្រចិនខាងត្បូង ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ប្រទេសចិន បានបាញ់បង្ហោះ យានអវកាស បន្ទាប់ពីមានការពន្យារពេល ដោយសារហេតុផល បច្ចេកទេស ។

ផ្ទាំងពាណិជ្ជកម្ម

គ្រាប់រ៉ុក្កែត Long March 7 ទម្ងន់១៤តោន បានដឹកយានអវកាស Tianzhou-2 ដែលផ្ទុកទៅ ដោយវត្ថុសំខាន់ៗដូចជាអាហារឧបករណ៍ និងប្រេងឥន្ធនៈ បានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ Wenchang នៅលើកោះហៃណានភាគខាងត្បូង ។

ស្ថានីយ៍អវកាសដែលមាន ឈ្មោះថា Tiangong មានន័យថា“ វិមាននៅស្ថានសួគ៌” នឹងត្រូវការបេសកកម្មប្រមាណ១០ ដើម្បីបំពេញបេសកកម្ម នៅក្នុងគន្លងគោចរ ។

វាត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញនៅឆ្នាំ២០២២ ។ នៅពេលបញ្ចប់វាត្រូវ បានគេរំពឹងថា នឹងស្ថិតនៅក្នុងគន្លងផែនដី ទាបរហូតដល់១៥ ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top