ព័ត៌មានអន្តរជាតិ

បែកធ្លាយរដ្ឋាភិបាលដាណឺម៉ាក ជួយអាមេរិកធ្វើចារកម្ម លើអ្នកនយោបាយសំខាន់ៗ នៅអ៊ឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសដាណឺម៉ាក បានជួយដល់សហរដ្ឋអាមេរិក ក្នុងការលួចប្រមូលទិន្នន័យទាំងឡាយ នៃក្រុមអ្នកនយោបាយ សំខាន់ៗរបស់អ៊ឺរ៉ុប ដែលក្នុងនោះមានទាំង លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ផងដែរចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។

ព័ត៌មានបែកធ្លាយនេះត្រូវបាន ធ្វើការចេញផ្សាយដំបូង ដោយសារព័ត័មានក្នុងស្រុក របស់ដាណឺម៉ាកដែលមានឈ្មោះថា Danmarks Radio ដោយបញ្ជាក់ទៀតថា ភ្នាក់ងារសំងាត់របស់យោធាដាណឺម៉ាកឬ FE បានសហការគ្នាយ៉ាង ស្ងាត់ៗជាមួយនឹងភ្នាក់ងារ ស៊ើបការណ៍សំងាត់របស់អាមេរិក NSA ក្នុងការប្រមូលទិន្នន័យទាំងនោះជាមួយគ្នា។

ទិន្នន័យសំងាត់ដែលពួកគេ ប្រមូលបានមានប្រភពចាប់ រាប់តាំងពីក្រុមអ្នកនយោបាយសំខាន់ៗ ដែលមាននៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសស៊ុយអែត និងន័រវេសជាដើមផង ខណៈដែលការចោទប្រកាន់ ស្រដៀងគ្នានេះទៅ លើអាមេរិកគឺបានធ្វើឡើង កាលពីឆ្នាំ២០១៣ រួចម្តងផងដែរដែលគ្រានោះ ត្រូវបានយកមកទំលាយ ជាសាធារណៈដោយលោក Edward Snowden ។

នៅក្នុងរបាយការណ៍ចោទប្រកាន់ថ្មីនេះ កំពុងត្រូវបានចែករំលែកទៅកាន់ ភ្នាក់ងារសារព័ត័មានសំខាន់របស់អ៊ឺរ៉ូប ដើម្បីឲ្យជួយផ្សព្វផ្សាយបានបញ្ជាក់ថា NSA អាចប្រមូលយកខ្សែអាត់សម្លេង របស់ក្រុមអ្នកនយោបាយ ទាំងនោះតាមរយៈសារ និងការទូរស័ព្ទចេញចូលរបស់ពួកគេ ដែលទិន្នន័យទាំងនោះត្រូវបានប្រមូលដោយ FE ដែលជាអ្នកគ្រប់គ្រងទៅលើ បណ្តាញខ្សែកាបទំនាក់ទំនងទាំងអស់ របស់ក្រុមហ៊ុនអ៊ិនធឺណេតធំ មួយរបស់ដាណឺម៉ាក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top