ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦.០រ៉ិចទ័រ អង្រួនៅភាគខាងជើង ក្រុង Chickaloon រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ អង្រួនភាគខាងជើងក្រុង Chickaloon រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា ស្ថិតនៅចម្ងាយ៧៤គីឡូម៉ែត្រដែលនៅភាគខាងជើងក្រុង Chickaloon នៃរដ្ឋ Alaska សហរដ្ឋអាមេរិក នៅវេលាម៉ោង៦និង៥៩នាទី ម៉ោងសកល នៅថ្ងៃចន្ទនេះ មានគ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ៤១,៣គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៦២.៤៥៣៥ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤៨.១៩៧៥ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

ក្រោយមានគ្រោះរញ្ជួយដីនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតបន្ថែមនៅឡើយទេ ។

សូមបញ្ជាក់ថា រដ្ឋអាឡាស្កា ជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងលិចប្រទេស មានពលរដ្ឋរស់នៅប្រមាណជាង៧៣ម៉ឺននាក់ លើផ្ទៃដីប្រមាណ១,៧លានគីឡូម៉ែត្រការ៉េ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top