ព័ត៌មានអន្តរជាតិ

តួកគី និងក្រិក នឹងចាតវិធានការ រឹងមាំធ្វើឲ្យ ចំណងមិត្តភាព ប្រសើរឡើង

បរទេស ៖ ក្រោយកិច្ចពិភាក្សាគ្នា នៅទីក្រុងអាតែន រដ្ឋមន្ត្រីការបរទេស របស់ប្រទេសតួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសតួកគី និងប្រទេស ក្រិក នឹងចាប់ផ្តើមចាត់វិធានការ រឹងមាំ និងធ្វើការងារលើ គម្រោងរួមគ្នា ដើម្បីធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្របពេលដែលប្រទេស ជាសមាជិកណាតូទាំងពីរ ស្វះស្វែងជួសជុល ចំណងមិត្តភាពឡើងវិញ ។

ថ្លែងប្រាប់សន្និសីទកាសែតមួយ ជាមួយរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias នៅក្នុងទីក្រុងអាតែន លោករដ្ឋមន្ត្រីការបរទេស តួកគី បានថ្លែងប្រាប់ថា លោកទាំងពីរ បានសម្រេចអនុស្សរណៈយោគយល់គ្នា លើមាត្រាចំនួន២៥ ដើម្បីធ្វើចំណងមិត្តភាព ជំនួញឲ្យមាន ភាពប្រសើរឡើង ហើយប្រទេសទាំងពីរ នឹងទទួលស្គាល់នូវ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់គ្នាទៅវិញទៅមក ក្នុងដំណើរមួយជួយជំរុញ វិស័យទេសចរណ៍ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mevlut Cavusoglu បានមានប្រសាសន៍ថា លោកប្រធានាធិបតីតួកគី Tayyip Erdogan និងលោកនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis កំពុងគ្រោងជួបគ្នា នៅជំនួបកំពូលណាតូ ក្នុងទីក្រុងព្រួចសែលនាថ្ងៃទី១៤ ខែមិថុនា ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងក្រិកនិងតួកគី បានផ្ទុះឡើងកាលពីឆ្នាំមិញនេះ ជុំវិញជម្លោះពាក់ព័ន្ធយុត្តាធិការដែនសមុទ្រនិងសិទ្ធិលើតំបន់ឆ្នេរ នៅក្នុងសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ហើយប្រទេសទាំងពីរ បានធ្វើការរិះគន់គ្នាកាលពីថ្ងៃអាទិត្យ ជុំវិញស្ថានភាពជនជាតិមូស្លីម ភាគតិចនៅក្នុងប្រទេសក្រិក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top