ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងពង្រឹងតំបន់យោធាខាងលិច ចំពេលមានការគំរាមកំហែងរបស់ណាតូ

ម៉ូស្គូ៖ រដ្ឋមន្រ្តីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបង្កើតកងឯកភាព និងទ្រង់ទ្រាយថ្មីប្រមាណ ២០ នៅក្នុងស្រុកយោធាខាងលិចរបស់ខ្លួន នៅចុងឆ្នាំនេះ ដើម្បីប្រឆាំងនឹងការគំរាមកំហែង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ។

លោក Shoigu បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់ក្រសួងការពារជាតិថា “សកម្មភាពរបស់សហសេវិក លោកខាងលិចរបស់យើង កំពុងបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក និងបង្ខំឱ្យយើងចាត់វិធានការ ឆ្លើយតបឱ្យបានគ្រប់គ្រាន់” ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា លោកបានសង្កត់ធ្ងន់ថា “យើងមានបំណងធ្វើឱ្យប្រសើរឡើង នូវសមាសភាពប្រយុទ្ធ របស់កងទ័ពរបស់យើងជានិច្ច ។

លោក Shoigu បានបន្ថែមថា ក្រៅពីការបង្កើតអង្គភាពយោធាថ្មី កងកម្លាំងប្រដាប់អាវុធនៃតំបន់យោធាខាងលិច នឹងទទួលបានអាវុធ និងឧបករណ៍ទំនើបបន្ថែមទៀតនៅឆ្នាំនេះ ។

លោករដ្ឋមន្រ្តីបានលើកឡើងថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹង ការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើង ដោយសារតែការកើនឡើងនៃ សកម្មភាពអាកាសចរណ៍យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ដែលបានកើនឡើង ១៤ដងក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ។

លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន កំពុងបន្តពង្រីកសមយុទ្ធនៅជិតព្រំដែនរុស្ស៊ី ។

សមយុទ្ធការពារអឺរ៉ុប ២០២១ បច្ចុប្បន្នកំពុងត្រូវបានអនុវត្ត។ ទាំងនេះជាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដោយមានការចូលរួម ពីបុគ្គលិកយោធារហូតដល់ទៅ ៤០០០០ នាក់។ គោលដៅសំខាន់របស់ពួកគេ គឺដើម្បីធ្វើការផ្ទេរកងពលធំ ពេញលេញពីសហរដ្ឋអាមេរិក រដ្ឋទៅអឺរ៉ុប” ៕

ដោយ ឈូក បូរ៉ា

To Top