ព័ត៌មានអន្តរជាតិ

ប្រទេសកាតា ត្រៀមលុយ ៥០០លានដុល្លារ ដើម្បីសាងសង់ផ្ទះ ៤៥ ០០០ខ្នងឡើងវិញ នៅតំបន់កាហ្សា ក្រោយសង្គ្រាមជាមួយអ៊ីស្រាអែល

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Lolwah Al-Khater បាននិយាយថា មានផែនការដើម្បីសាងសង់ផ្ទះ ឡើងវិញចំនួនជាង ៤៥ ០០០ ខ្នង ដែលត្រូវបានបំផ្លាញក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយថវិកាដែលផ្តល់ ដោយកាតាក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lolwah Al-Khater ថា «យន្តការសម្រាប់ផ្តល់ជំនួយ ដល់តំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានសម្របសម្រួល ជាមួយអង្គការសហប្រជាជាតិ ហើយអ៊ីស្រាអែលមិនបានជំទាស់ នឹងបញ្ហានេះប៉ុន្មានឆ្នាំកន្លងមកទេ … ចំពោះការសម្រេចចិត្តថ្មីៗនេះ គណៈកម្មាធិការកាតាសម្រាប់ការ ស្ថាបនានៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្របសម្រួលជាមួយ បងប្អូនយើងប៉ាឡេស្ទីន និងដៃគូអន្តរជាតិជាក់លាក់ដែលរាប់បញ្ចូលទាំង UN ដោយធានាថា ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាជនប៉ាឡេស្ទីន។ ភាគច្រើនថវិកា នឹងត្រូវបានប្រើប្រាស់សម្រាប់ការជួសជុល អគារលំនៅដ្ឋានដែលត្រូវបានបំផ្លាញ»។

ព្រះចៅនៃប្រទេសកាតា Tamim bin Hamad al-Thani បានបញ្ជាឱ្យត្រៀមថវិកា ៥០០លានដុល្លារសម្រាប់ការ ស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមានអរិភាពថ្មីៗនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top