ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសធ្វើការ សងសឹកអឺរ៉ុប ប៉ុន្ដែនៅបើកចំហ សម្រាប់កិច្ចពិភាក្សា ផ្អែកលើសមភាព

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងសងសឹក ចំពោះរាល់សកម្មភាព ដែលមិនរាក់ទាក់ ពីសហភាពអឺរ៉ុប (EU) ប៉ុន្តែនៅតែត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សា បើកចំហ ដោយផ្អែកលើសមភាព ។

លោក Lavrov បានថ្លែង នៅក្នុងពិធីបើក សន្និសីទ ស្តីពីទំនាក់ទំនងរុស្ស៊ី – អឺរ៉ុប នៅទីក្រុងមូស្គូថា “យើងនឹងមិនចាកចេញ ពីចលនាមិនរាក់ទាក់ រួមទាំងការប៉ុនប៉ង និយាយពីជំហរ នៃកម្លាំង និងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ដោយគ្មានការឆ្លើយតបនោះទេ”។

លោកបានលើកឡើងថា ខណៈដែលប្លុកនេះកំពុងពិចារណា អំពីចលនាប្រឆាំងនឹងរុស្ស៊ី អ្នកផ្តួចផ្តើមគំនិត នៃគោលនយោបាយ អរិភាពបែបនេះ គួរតែពិចារណាថាតើវាសមស្រប នឹងផលប្រយោជន៍របស់ EU ដែរឬទេ ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោកបានរិះគន់ សហគមន៍អ៊ឺរ៉ុប ចំពោះការចូលចិត្តការចោទប្រកាន់ ដែលនៅព័ទ្ធជុំវិញទៅនឹង ការពិភាក្សាផ្អែកលើការពិត ។

យ៉ាងណាក៏ដោយ អ្នកការទូតកំពូលរូបនេះ បានលើកឡើងថា ប្រទេសរុស្ស៊ីចាប់អារម្មណ៍ ក្នុងការសន្ទនាជាមួយ EU ។

លោកបានបន្ថែមថា យើងបាននិយាយម្តងហើយម្តងទៀតថា យើងបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយការស្ថាបនា ជាមួយសហភាពអឺរ៉ុប ដែលផ្អែកលើគោលការណ៍ស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមក ។

យោងតាមលោក Lavrov ភាគីទាំងពីរអាចធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀន ទប់ស្កាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីធឺណិត រក្សាស្ថេរភាពយុទ្ធសាស្ត្រ ដោះស្រាយការប្រែប្រួល អាកាសធាតុ និងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ជាដើម ៕
ដោយ ឈូក បូរ៉ា

To Top