ព័ត៌មានអន្តរជាតិ

ប៉េឡារុសប្រាប់លោក ពូទីនថា ខ្លួននឹងស៊ើបអង្កេតពលរដ្ឋរុស្ស៊ី ដែលត្រូវចាប់ខ្លួន

បរទេស៖ ប្រធានាធិបតីនៃប្រទេសប៉េឡារុស លោក Alexander Lukashenko បាននិយាយប្រាប់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថា ការស៊ើបអង្កេតលើកញ្ញា Sofia Sapega ដែលជាមិត្តស្រីរបស់អ្នកកាសែត ប្រឆាំងដែលត្រូវចាប់ខ្លួននោះ នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉េឡារុស។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កញ្ញា Sofia Sapega ជាពលរដ្ឋរុស្ស៊ីមួយរូប ដែលត្រូវឃាត់ខ្លួនជាមួយមិត្តប្រុសរបស់នាង គឺលោក Roman Protasevich កាលពីថ្ងៃទី២៣ ខែឧសភា ក្រោយយន្តហោះពួកគេជិះ ត្រូវបង្ខំឲ្យចុះចតនៅក្នុងទីក្រុង ។

ទីភ្នាក់ងារសារព័ត៌មាន Belta បានដកស្រង់សម្តីលោកប្រធានាធិបតី នៃប្រទេសប៉េឡារុស ដែលបានមានប្រសាសន៍ដូច្នេះថា “ការស៊ើបអង្កេតលើជនទាំងពីររូបនោះ នឹងត្រូវបានធ្វើឡើង នៅក្នុងប្រទេសប៉េឡារុស ហើយខ្ញុំបានប្រាប់ លោកប្រធានាធិបតីរុស្ស៊ីអំពីរឿងនេះ”។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានផ្តល់ការគំាទ្រដល់ លោកប្រធានាធិបតីបេឡារុស ក្នុងរឿងជាប់គាំងជាមួយប្រទេសលោកខាងលិច ជុំវិញការបង្ខំឲ្យយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿងចុះចត និងចាប់ខ្លួនអ្នកកាសែតប្រឆាំងមួយរូប ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top