ព័ត៌មានអន្តរជាតិ

យោធាមីយ៉ានម៉ាបរាជ័យក្នុងការបង្ក្រាប ការតវ៉ាក្រោយ៤ខែ បន្ទាប់ពីធ្វើរដ្ឋប្រហារ

បរទេស៖ នៅថ្ងៃអង្គារនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បាននាំគ្នាធ្វើការតវ៉ាតាមដងផ្លូវ ក្នុងស្រុកមួយចំនួន ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ព មីយ៉ានម៉ានិងកងជីវពលប្រឆាំងរបបយោធា មានការកើនកម្តៅខ្លាំងឡើង នៅតាមតំបន់ព្រំដែន ក្រោយរយៈពេល៤ខែ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត។

បើទោះជាមានការបង្ក្រាបយ៉ាងខ្លាំងក្លា ធ្វើឡើងដោយកងកម្លាំងសន្តិសុខក៏ដោយ ក៏យោធា មីយ៉ានម៉ា នៅតែកំពុងតែពិបាកក្នុងអនុវត្តបទបញ្ជា ក្រោយធ្វើការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នានា នៃគណបក្សរបស់លោកស្រី ដែលបានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេស និងការធ្វើកូដកម្មយ៉ាងខ្លាំង។

តាមសេចក្តីរាយការណ៍ រូបថតមួយសន្លឺកដែលបង្ហោះដោយកាសែត Irrawaddy លើបណ្ដាញផ្សព្វផ្សាយសង្គម បានបង្ហាញថា នៅក្នុងភាគខាងត្បូងប្រទេសមីយ៉ានម៉ា អ្នកតវ៉ាប្រឆាំងយោធា បានដើរដង្ហែក្បួនតវ៉ា នៅក្នុងស្រុក Laung Lone។
ទន្ទឹមគ្នានេះដែរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម គឺទីក្រុងយ៉ាំងគូន ក្រុមតវ៉ាយុវជនមួយ បានដើរដង្ហែក្បួនតវ៉ានៅក្នុងស្រុក Kamayut ហើយបដាមួយដែលកាន់ដោយអ្នកតវ៉ាម្នាក់ បានសរសេរថា “នេះនៅមិនទាន់កន្លងផុតនៅឡើយទេ យើងនៅតែមានវេនរបស់យើង”៕

ប្រែសម្រួល៖ប៉ាង កុង

To Top