តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អគ្គីភ័យទ្រង់ទ្រាយធំមួយបានឆាបឆេះ នៅក្នុងរោងចក្រចម្រាញ់ប្រេង Shahid Tondguyan នៅភាគខាងត្បូងរដ្ឋធានី តេហរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ ។
លោក Masour Darajati នាយកគ្រប់គ្រងវិបត្តិនៅតេហរ៉ង់ បានប្រាប់ដល់ទូរទស្សន៍រដ្ឋថា “ខ្សែបញ្ជូនឧស្ម័នមួយក្នុងចំណោម ខ្សែបញ្ជូនឧស្ម័នរាវ នៅក្នុងរោងចក្រចម្រាញ់ប្រេង តេហរ៉ង់ បានខូច ប៉ុន្តែ មិនបានបង្កហានិភ័យធ្ងន់ធ្ងរនោះទេ” ។
លោក Darajati បានលើកឡើងថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលបានឆាបឆេះ ។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ នៃក្រុងតេហរ៉ង់ បានប្រកាសថា មិនមាននរណាម្នាក់រងរបួស នៅក្នុងឧប្បត្តិហេតុនេះនោះទេ ។
ទន្ទឹមនឹងនេះដែរ រោងចក្រចម្រាញ់ប្រេង Shahid Tondguyan បានបញ្ឈប់រាល់សកម្មភាពនានា នៅក្នុងរោងចក្រចម្រាញ់ប្រេង ។ ទីភ្នាក់ងារព័ត៌មានកម្មករអ៊ីរ៉ង់ ហៅកាត់ ILNA បានរាយការណ៍ឲ្យដឹង ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានបោះពុម្ពរូបភាពនានា ដែលបង្ហាញអំពីផ្សេងខ្មៅដ៏ក្រាស់ ភាយចេញពីអណ្តាតភ្លើង ដែលអាចមើលឃើញពី ផ្នែកផ្សេងទៀតនៃទីក្រុងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា