ព័ត៌មានអន្តរជាតិ

ឥណ្ឌា ចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក Biological-E សម្រាប់ វ៉ាក់សាំង ៣០០លានដូស

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងស្រុក Biological-E ក្នុងចំនួន ៣០០ លានដូស គិតជាទឹកប្រាក់ចំនួន ១៥ ពាន់លានរូពី (២០៥,៦២ លានដុល្លារអាមេរិក) ដែលជាការបញ្ជាទិញលើកដំបូង សម្រាប់ការចាក់វ៉ាក់សាំង ដែលមិនមានការយល់ព្រមឲ្យ ប្រើប្រាស់ពីអង្គការសហប្រជាជាតិ។

ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងធ្វើការ សាកល្បងដំណាក់កាលទី ៣ ទំនងជាអាចប្រើបាន នៅប៉ុន្មានខែខាងមុខនេះ។

Biological E ដែលមានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ដើម្បីផលិតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson&Johnson ជារៀងរាល់ឆ្នាំបានឲ្យដឹងថា ខ្លួនបានឈានដល់ការព្រមព្រៀង ផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន Providence Therapeutics Holdings ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ mRNA របស់ក្រុមហ៊ុនកាណាដា នៅប្រទេសឥណ្ឌា។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា Biological E នឹងដំណើរការការសាកល្បង ព្យាបាលវ៉ាក់សាំងនៅឥណ្ឌា និងស្វែងរកការយល់ព្រមពីការប្រើប្រាស់បន្ទាន់។

ប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជន ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក បានទទួលរងនូវការឆ្លងនៃ រលកនៃការឆ្លងដ៏អាក្រក់ទី ២ ដែលបច្ចុប្បន្ននេះទើបតែបញ្ចប់។

អ្នកជំនាញផ្នែកសុខភាពប្រទេសឥណ្ឌា ចាំបាច់ត្រូវអនុវត្តការចាក់វ៉ាក់សាំង យ៉ាងច្រើនទៅលើប្រជាជនរបស់ខ្លួនចំនួន ១,៣ ពាន់លាននាក់ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃរលកឆ្លងជាបន្តបន្ទាប់ទៅមុខទៀត។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានធ្វើឱ្យមានការរិះគន់ ចំពោះការចាក់វ៉ាក់សាំងយឺតយ៉ាវ ទោះបីជាប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមអ្នកផលិត នូវថ្នាំបង្ការធំបំផុតរបស់ពិភពលោកក៏ដោយ ៕

ដោយ ឈូក បូរ៉ា

To Top