ភ្នំពេញ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ ព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថ កណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមាន របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។
ជំនួយនេះ គឺផ្នែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយ បណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយលោក អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្ដួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូរីដ១៩ លើកម្រិតសកល។
រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការ ស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រដូចជារថយន្តគិលានសង្រ្គោះ ឧបករណ៍ត្រួតពិនិត្យ កាំ រស្មីអ៉ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។
ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ និង សម្ភារៈចាំបាច់ផ្សេងទៀត។ យើងសង្ឃឹមថា ការផ្គត់ផ្ចងទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធ ផ្នែកសុខាភិបាល នៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ កូវីដ១៩។