ព័ត៌មានអន្តរជាតិ

មន្ត្រីសហភាពអឺរ៉ុប គិតថាមានកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់នៅ ក្នុងកិច្ចពិភាក្សាជុំបន្ទាប់

បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឡើងវិញនោះ បាននិយាយនៅពេលថ្មីៗនេះថា លោកជឿថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាជុំបន្ទាប់ ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់ផ្សេងទៀតបាននិយាយថា ការសម្រេចចិត្តដ៏លំបាកនៅតែមាន។

លោក Enrique Mora ជាប្រធានផ្នែកសម្របសម្រួលកិច្ចពិភាក្សា បាននិយាយប្រាប់អ្នកសារព័ត៌មាន ស្របពេលដែលកិច្ចចរចាដោយប្រយោល រវាងអាមេរិកនិងអ៊ីរ៉ង់ជុំទី៥ បានបញ្ចប់នៅថ្ងៃពុធថា “ខ្ញុំប្រាកដក្នុងចិត្តថា ជុំបន្ទាប់នឹងជាជុំមួយដែលយើងនឹងទទួលបាន កិច្ចព្រមព្រៀងមួយ”។

ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់នានា មកពីប្រទេសអង់គ្លេស ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ ស្ថិតក្នុងចំណោមមហាអំណាចធំៗ ដែលធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់នោះ គឺមានការប្រុងប្រយ័ត្នខ្លាំងឡើង។

ក្រុមមន្ត្រីការទូតទាំងនោះបាននិយាយដូច្នេះថា “យើងបានបន្តធ្វើឲ្យមានការវិវត្តទៅមុខ ហើយផ្នែកដ៏សំខាន់នៃកិច្ចព្រមព្រៀងនាអនាគត ក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានផ្តល់សេចក្តីលម្អិតបន្ថែម ប៉ុន្តែការសម្រេចចិត្តដ៏លំបាកបំផុត គឺមាននៅខាងមុខ។ ពិតណាស់ យើងធ្វើការងារដោយផ្អែកលើគោលការណ៍គ្មានអ្វីត្រូវបានព្រមព្រៀង រហូតដល់គ្រប់យ៉ាងត្រូវបានព្រមព្រៀងគ្នា”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×