ព័ត៌មានអន្តរជាតិ

សេតវិមាន លម្អិតពីផែនការ បញ្ជូនថ្នាំវ៉ាក់សាំង កូវីដ១៩ ចំនួន៨០លានដូស ឲ្យប្រទេសដទៃ

បរទេស ៖ សេតវិមាននៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ តិចបំផុតចំនួន៨០លានដូស ឲ្យទៅប្រទេស ដែលត្រូវការចាំបាច់នានា នៅចុងខែនេះ ក្រោយពីលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានសន្យាជួយកាលពីខែមុន ។

មន្ត្រីអាមេរិកបាននិយាយថា ថ្នាំវ៉ាក់សាំង១៩លានដូស នឹងផ្តល់ឲ្យកម្មវិធីអន្តរជាតិ COVAX ដែលធ្វើការងារផ្តល់ការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសដែលលំបាក ហើយកម្មវិធី COVAX នេះ នឹងទទួលបានប្រហែល៧៥ភាគរយ នៃថ្នាំមិនទាន់ប្រើ របស់សហរដ្ឋអាមេរិក ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ សេតវិមាន បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សាំងចំនួន៦លានដូស នឹងត្រូវប្រើប្រាស់ សម្រាប់អាទិភាព ក្នុងតំបន់ និងអ្នកទទួលដៃគូនានា ដែលរួមមានម៉ិកស៊ិក កាណាដា កូរ៉េខាងត្បូង តំបន់ West Bank និងតំបន់ហ្គាហ្សា អ៊ុយក្រែន កូសូវ៉ូ ហៃទី ហ្សកហ្ស៊ី អេហ្ស៊ីប ហ្ស៊កដានី អ៊ីរ៉ាក់ និងយេម៉ែន ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីខែមុន បានមានប្រសាសន៍ថា រដ្ឋបាល របស់លោក មានបំណងចង់ជួយប្រទេសដទៃ ដោយផ្តល់ថ្នាំវ៉ាក់សាំងឲ្យ ព្រោះតែការផ្ទុះឆ្លងនៅក្រៅប្រទេស ក៏គម្រាមកំហែងដល់សុខភាព ពលរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top