ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលធ្វើទស្សនកិច្ច អាមេរិក សម្រាប់ការគាំទ្រ ប្រឆាំងអ៊ីរ៉ង់

បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ទៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃសុក្រ ក្រោយធ្វើដំណើរទៅសហរដ្ឋអាមេរិក ជួបជាមួយមន្ត្រីនានា ស្តីពីការគម្រាមកំហែងបង្កឡើង ដោយឥរិយាបថដ៏គឃ្លើនរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Benny Gantz បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅសេតវិមាននិងមន្ទីរបញ្ចកោណ។
នៅសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងលោក Gantz បានបង្ហាញនូវការប្តេជ្ញាទប់ទល់ការគម្រាមកំហែងពីប្រទេសអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍សង្ខេបផ្លូវការនៃកិច្ចប្រជុំនោះ។

ក្រៅពីនេះ លោក Gantz ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរក លោក Antony Blinken រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមាជិកនៃគណៈកម្មការកិច្ចការសាធារណៈអ៊ីស្រាអែលរបស់អាមេរិក ដែលជាក្រុមមួយគាំទ្រអ៊ីស្រាអែល មុនពេលលោកវិលត្រឡប់មកអ៊ីស្រាអែលវិញ៕

To Top