Covid-19

តៃវ៉ាន់ នឹងទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ជិត១លានដូស ពីសហរដ្ឋអាមេរិក

បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកស្រី Tammy Duckworth បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន៧៥០.០០០ដូស ឲ្យដល់កោះតៃវ៉ាន់ ស្របពេលដែលប្រទេសមាន គម្រោងចែកថ្នាំវ៉ាក់សាំងដល់ពិភពលោក។

តៃវ៉ាន់កំពុងតែដោះស្រាយ ជាមួយការកើនឡើងនៃ ករណីឆ្លងជម្ងឺកូវីដ១៩ក្នុងស្រុក ប៉ុន្តែក៏ទទួលរងផលប៉ះពាល់ ដូចជាទីដទៃជាច្រើនទៀតដែរ ដោយសារតែកង្វះខាតថ្នាំវ៉ាក់សាំង។ ត្រឹមតែប្រមាណ ៣ភាគរយ នៃប្រជាជនតៃវ៉ាន់ ២៣,៥លាននាក់ប៉ុណ្ណោះ បានចាក់ថ្នាំវ៉ាក់សាំង ហើយភាគច្រើនទើបចាក់ដូសដំបូងប៉ុណ្ណោះ។

ថ្លែងនៅអាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិថា ក្រោយធ្វើដំណើរមកដល់ ជាមួយសមាជិកព្រឹទ្ធសភា គឺលោក Dan Sullivan និងលោក Christopher Coons នោះ លោកស្រី Tammy Duckworth បានមានប្រសាសន៍ថា តៃវ៉ាន់នឹងទទួលបានថ្នាំវ៉ាក់សាំងចំនួន ៧៥០.០០០ដូស ជាផ្នែកមួយនៃការបរិច្ចាកជាលើកដំបូងរបស់អាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសន្និសីទកាសែត លោកស្រីបានបន្ថែមទៀតយ៉ាងដូច្នេះថា “វាសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ដែលតៃវ៉ាន់ត្រូវរួមបញ្ចូលក្នុងក្រុមដំបូង ក្នុងការទទួលបានថ្នាំវ៉ាក់សំាង ព្រោះយើងទទួលស្គាល់ពី តម្រូវការបន្ទាន់របស់អ្នក ហើយយើងផ្តល់តម្លៃដល់ភាពជាដៃគូនេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top