ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស ពិភាក្សាគ្នាពីបញ្ហាអ៊ីរ៉ង់ ជាមួយ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត

បរទេស៖រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab តាមសេចក្តីរាយការណ៍ បានជួបជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីថ្ងៃចន្ទ និងបានពិភាក្សាគ្នាពីបញ្ហាប្រទេសអ៊ីរ៉ង់ ព្រមទាំងចំណងមិត្តភាពទ្វេភាគី និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ដំណើរទស្សនកិច្ចរបស់លោក Raab នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមហាអំណាចពិភពលោក ធ្វើការងារដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ ដែលអារ៉ាប៊ីសាអូឌីតបានជំទាស់ សម្រាប់ការមិនដោះស្រាយបញ្ហាកម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ និងការគាំទ្រចំពោះសង្គ្រាមក្នុងតំបន់ រួមទាំងក្នុងប្រទេសយេម៉ែនផងដែរ។

សេចក្តីថ្លែងការណ៍នៃការិយាល័យបរទេសអង់គ្លេស បានដកស្រង់សម្តីលោក Raab ដែលនិយាយថា អង់គ្លេសបានធ្វើការបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចំពោះការដោះស្រាយភាពលំបាកសន្តិសុខរួមគ្នា ដែលរួមទាំងការគម្រាមកំហែងពីអ៊ីរ៉ង់ និងជម្លោះដែលកំពុងបន្តមានក្នុងប្រទេសយេម៉ែន។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ បានជំរុញឲ្យមហាអំណាចពិភពលោក រក្សាកិច្ចព្រមព្រៀងឲ្យកាន់តែរឹងមំាឡើងនៅកិច្ចពិភាក្សាគ្នាក្នុងទីក្រុងវីយែន ដែលមានគោលដៅនាំសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ឲ្យវិលមកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ៕
ប្រែសម្រួល៖ប៉ាង កុង

To Top