ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ គោលជំហរកិច្ចពិភាក្សា នុយក្លេអ៊ែ របស់ខ្លួននឹងមិនផ្លាស់ប្តូរក្រោយ ការបោះឆ្នោតជ្រើស ប្រធានាធិបតី

បរទេស៖គោលនយោបាយរបស់អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយមហាអំណាចពិភពលោក ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥អ៊ីរ៉ង់ឡើងវិញ នឹងនៅតែគ្មានការផ្លាស់ប្តូរ ក្រោយការបោះឆ្នោតជ្រើសប្រធានាធិបតីនាថ្ងៃទី១៨ ខែមិថុនា ព្រោះបញ្ហាគឺត្រូវបានសម្រេចដោយថ្នាក់ដឹកនាំខ្ពស់បំផុត នេះបើតាមសម្តីមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់មួយរូប នៅថ្ងៃអង្គារនេះ។

មន្ត្រីការទូត មន្ត្រីអ៊ីរ៉ង់និងអ្នកវិភាគបាននិយាយថា ឧបសគ្គរារំាងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឡើងវិញ នៅតែខ្លាំងក្លា នៅមុនកិច្ចពិភាក្សា ដែលនឹងបន្តធ្វើនៅក្នុងសប្ដាហ៍នេះ ដោយលើកឡើងថា ការវិលត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀងនោះ នឹងនៅតែមិនទាន់ទៅរួចទាំងស្រុង។

មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក Ali Rabiei តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតប្រចាំសប្ដាហ៍មួយយ៉ាងដូច្នេះថា “យើងបានបង្ហាញថា យើងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ហើយនេះគឺជាការសម្រេចចិត្តថ្នាក់ជាតិ”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា គោលនយោបាយនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ ដែលកំណត់ដោយមេដឹកនាំកំពូល គឺលោក Ayatollah Ali Khamenei គឺមិនជាប់ពាក់ព័ន្ធនឹងការវិវត្តផ្ទៃក្នុងនោះទេ និងថា រដ្ឋាភិបាលថ្មីនឹងនៅតែរក្សាគោលនយោបាយ ដូចគ្នានឹងគោលនយោបាយអនុវត្តនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ចាប់ផ្តើមកាលពីខែមេសា៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top