ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន!
អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។ អាចនិយាយបានថា ក្នុងរយៈកាលជាង៧០ឆ្នាំ មានតែប្រជាជាតិ អ៊ីស្រាអែល មួយគត់ ដែលនៅបន្តរស់ក្នុងគ្រោះថ្នាក់ ប្រទេសជាតិត្រូវព័ទ្ធជុំវិញ ដោយគូសត្រូវ សួពូជ ទាមទារតែកម្ទេចចោល បំបាត់ជាតិសាសន៍មួយនេះ ឱ្យរលាយផុតពីផែនដី! ដើម្បីប្រឆាំងទៅនឹងអំណាចបណ្ដាសារ ពីពួកបិសាចភូមិផងនេះ គឺប្រជាជាតិ អ៊ីស្រាអែល ទាំងមូលដាច់ខាត ប្ដេជ្ញា មិនចុះចាញ់ មិនសម្របសម្រួល មិនរាថយនៅចំពោះមុខការគំរាមកំហែង ដែលមូលហេតុចម្បងមួយនេះហើយដែលធ្វើឱ្យមានសំឡេង គ្រាប់កាំភ្លើង មិនចេះបាត់សោះ នៅលើដែនដីពិសិដ្ឋ Jerusalem!។
អធិករណ៍ ជាប្រវត្តិសាស្រ្តនៅមជ្ឈឹមបូព៌ា ជាទីកន្លែងដែលបានបង្កើតឡើងនូវសាសនាធំ៣ លើពិភពលោកដែលមានបរិស័ទជំនឿ លើនិកាយសាសនា ទាំង៣នេះមានរហូតដល់រាប់រយលាននាក់ រួមមាន Islam Judaism និងChristian គឺជាវិវាទកម្មមួយដែលមានចរិតសហស្សវត្សរ៍ នៅពុំមានដំណោះស្រាយសុខសន្តិភាពណាមួយ ដែលកត្តាស្លាប់រស់ក្នុងទំនាស់ វិវាទមួយនេះអាចផ្ដើមចេញពីជំនឿសាសនាទាំងអស់នោះ!។ ៧០ឆ្នាំកន្លងផុតមកហើយ តំបន់មជ្ឈឹមបូព៌ា នៅតែជាកន្លែងត្រូវឆាបឆេះទាំងយប់ទាំងថ្ងៃ ដោយភ្លើងកំហឹងពូជសាសន៍ សាសនា ! គ្មានថ្ងៃណាដែលលើទំព័រកាសែតអន្តរជាតិ ពុំបាននិយាយដល់តំបន់ដ៏សោកនាដកម្មមួយនេះ! វិវាទកម្ម អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាទំនាស់ប្រចាំសហស្សវត្សរ៍ មានការពាក់ព័ន្ធ ទៅដល់ភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត សាសនា ពូជសាសន៍ ឧត្តមភាពរបស់ពួកមហាអំណាច និងតំណក់ប្រេងកាតផង! ដែលបច្ច័យទាំងអស់នេះ បានគ្របដណ្ដប់មកលើជីវភាពនយោបាយនៅមជ្ឈឹមបូព៌ាក្នុងរាប់សិបឆ្នាំ។
ជារឿងមួយដ៏ចម្លែក ដែលក្នុងសាសនាអ៊ីស្លាមតែមួយ តែមាននិកាយពីរធំ គឺនិកាយSunni និងនិកាយShia ក៏ជាឫសគល់ក្នុងការបង្កើតទៅជាទំនាស់រហូតកើតជាសង្រ្គាមភាតរភាព កាប់សម្លាប់ចំពោះអ្នកមានឈាមជ័រ អារ៉ាប់ដូចគ្នា ដូចករណីសង្រ្គាមរវាងអ៊ីរ៉ាក់និងអ៊ីរ៉ង់ ក្នុងបណ្ដាឆ្នាំ៨០រហូតដល់ជិត១០ឆ្នាំ!ប៉ុន្តែក្រោយមក ចាប់ពីមានព្រឹត្តិការណ៍១១ កញ្ញា តំបន់មួយនេះលែងមានសុខសន្តិភាព ក្រោយពីមាន ភ្លើងសង្រ្គាមឆាបឆេះនៅអាហ្កានីស្ថានមក រួចក៏បានរីកចូលទៅដល់អ៊ីរ៉ាក់ បន្ទាប់មកហូរចូល លីប៊ី ដុតឆេះប្រទេសលីប៊ីអស់ហើយ ក៏ភ្លើងនេះបន្តរីករាលដាលចូលមកស៊ីរី ប្រែក្លាយប្រទេសស៊ីរីទៅជាវាលពិឃាតហើយក៏បានឆ្លងចូលមកប្រទេសយេម៉ែនល-ល…។
មានតែប្រវត្តិសាស្រ្តទេ ដែលអាចនិយាយឱ្យដឹង ការពិតអំពីឫសគល់នៃបញ្ហា!
ការចាប់បដិសន្ធិឡើងនៃសាសនា ក៏ជាដំណើរកកើតឡើងនៅបញ្ហាទំនាស់! ដោយ៣០០០ឆ្នាំមុន សាសនា Judaismរបស់ជនជាតិអ៊ីស្រាអែលត្រូវបានកើតឡើងនៅលើទឹកដីមជ្ឈឹមបូព៌ានេះ ដោយមានគម្ពីសម្រាប់សាសនារបស់ខ្លួនគឺ Old Testament ឬជាគម្ពីTorah ហើយដែលសាសនាJudaismនេះមានបុព្វបុរសគឺលោក Abraham ដែលជាព្រះគ្រូ ជាបិតារបស់ប្រជាជាតិអ៊ីស្រាអែលផង។ ចំពោះសាសនាគ្រិស្ត បានកើតឡើងនៅមុននេះ២០០០ឆ្នាំ ដោយសាសនានេះបានប្រតិបត្តិទៅតាមគម្ពីNew Testament ដែលមានJesus ជាព្រះគ្រិស្ត ដោយឡែកចំពោះសាសនាអ៊ីស្លាមវិញ បានកកើតឡើងមុននេះ ១៤០០ឆ្នាំដោយមានគម្ពីKoran ជាវិធានសម្រាប់ប្រតិបត្តិដែលមានព្រះគ្រូMohammadជាប្រមុខ។ សាសនាធំទាំង៣នេះ បានកើតឡើងលើទឹកដីតែមួយ ដោយយកJerusalemថាជាដែនដីពិសិដ្ឋដូចគ្នា ហើយអ្នកដែលមិនបានជឿ ប្រតិបត្តិទៅតាមសាសនាទាំងនេះ ត្រូវបានចាត់ទុកថា Satan ទាំងអស់!។ ជាការពិតសាសនាធំទាំង៣នេះ ពួកគេមានដើមកំណើតចេញមកតែមួយ តែដោយពួកគេបានរស់នៅក្រោមការត្រួតត្រា យូរពេករបស់ពួកចក្រពត្តិ Assyria, Babylone, Rome មកដល់Ottoman និងចុងក្រោយពួកអារ៉ាប់ បានប្រែក្លាយអ្នកកាន់ជំនឿសាសនាទាំងនេះទៅជាអមិត្តដោយជំនឿប្រតិបត្តិមិនដូចគ្នាទៅវិញទៅ!។
មានគ្រូអាចារ្យសាសនាម្នាក់ បានមានអំណះអំណាងទាក់ទងដល់ជំនឿសាសនាទាំងនេះ ហើយបាននិយាយថា ដោយមិនសប្បាយចិត្តទៅនឹងភាពរឹងរូស មិនព្រមចុះសម្រុង ចូលចិត្តតែប្រឆាំងជំទាស់ ទើបចក្រពត្តិក្រុងRomanបាននឹកដល់ផែនការបំបែកបំបាក់រំលាយ ពូជសាសន៍អ៊ីស្រាអែលតាមរយៈជំនឿសាសនា! ដោយពួកRomanបានច្របាច់បញ្ចូលសាសនា៣ឱ្យទៅជា១ មានមុខនៅលើដែនដីតែមួយ ក្នុងគោលដៅកម្ទេចប្រជាជាតិ អ៊ីស្រាអែល តាមរយៈសង្រ្គាមសាសនា ដោយអ្នកមិនជឿមកលើគម្ពីTorah គឺជាពួកSatan បើសាសនាគ្រិស្តវិញ អ្នកដែលមិនជឿលើJesusគឺសុទ្ធតែពួកនរកប្រឆាំងព្រះChrist តែបើពួកអ៊ីស្លាមវិញអ្នកដែលមិនប្រតិបត្តិតាមគម្ពីKoran អ្នកដែលមិនជឿមកលើ Mohammad សុទ្ធតែជាពួកទមិឡឥតសាសនាប្រឆាំងទៅនឹងអ៊ីស្លាមទាំងអស់(Sic)! ហើយតំបន់ទឹកដីដែលមានភាពវឹកវរ អស្ថិរភាពក្នុងរាប់ពាន់ឆ្នាំរហូតមកដល់សព្វថ្ងៃនេះ ត្រូវបានស្គាល់ឈ្មោះថា ប៉ាឡេស្ទីននេះទៅ!។
៧០ឆ្នាំ ប្រជាជាតិទាំងពីរនេះ អ៊ីស្រាអែលនិងប៉ាឡេស្ទីន នៅតែប្រឈមមុខស្លាប់រស់ដាក់គ្នា!
ផ្លូវបំបែក សម្រាប់ប៉ាឡេស្ទីន៖
ក្រោយពីគ្រប់គ្រង មកលើដែនដី ប៉ាឡេស្ទីន នេះអស់រយៈកាលជាង៣០ឆ្នាំមក ទើបនៅឆ្នាំ ១៩៤៨ អង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេចចិត្តមួយ ដោយធ្វើការបែងចែកទឹកដីនេះ មួយចំណែកទៅឱ្យជនជាតិ អ៊ីស្រាអែល និងមួយចំណែកទៀតទៅឱ្យជនជាតិអារ៉ាប់រួមដោយមានរដ្ឋប៉ាឡេស្ទីនមួយផង ក្នុងក្ដីរំពឹងថា ការទំនាស់វិវាទជាច្រើនឆ្នាំរវាងសហគមន៍ជនជាតិទាំងពីរនេះអ៊ីស្រាអែលនិងប៉ាឡេស្ទីននឹងត្រូវរំងាប់បញ្ចប់ដោយសន្តិភាព ដោយឡែក ចំពោះរដ្ឋធានីJerusalem វិញត្រូវបានស្នើឱ្យដាក់ក្រោមការអភិបាលទៅដោយកងកម្លាំងរបស់អ.ស.បដោយJerusalem មានលក្ខណៈពិសេសCorpus Separatum របស់រដ្ឋធានីមួយនេះ!។
ឆ្លើយតបទៅនឹងផែនការដែលស្នើឡើងដោយ អ.ស.បនេះ អ៊ីស្រាអែលបានយល់ព្រម ព្រមទាំងបានបង្កើតរដ្ឋអំណាច អ៊ីស្រាអែល មួយភ្លាម ស្របតាមគោលបំណងរបស់អ.ស.ប! ក៏ប៉ុន្តែចំពោះពួកប្រទេសអារ៉ាប់ វិញពួកនេះដាច់ខាត នៅតែតវ៉ាថា ដីនេះទាំងមូលត្រូវតែស្ថិតក្រោមការគ្រប់គ្រង របស់ជនជាតិអារ៉ាប់ ដោយមិនត្រូវកាត់ដីទាំងនេះទៅឱ្យជនជាតិណាមួយឡើយ ក្រៅអំពីជនជាតិអារ៉ាប់ នៅទីនេះ! ជាយថាហេតុ ការកកើតឡើងនូវ រដ្ឋអំណាច អ៊ីស្រាអែល មួយដោយអំណាចយុត្តាធិការរបស់អ.ស.បនៅលើដែនដីមួយដែលពួកអារ៉ាប់ថាជាកម្មសិទ្ធិរបស់ពួកគេនោះ បានក្លាយទៅជាឧបសគ្គមួយដ៏ធំក្នុងកែវភ្នែករបស់ជនជាតិអារ៉ាប់ទាំងមូលចាប់ពីពេលនោះទៅ!។
កំហឹងឈឺចាប់របស់ពួកអារ៉ាប់ទាំងនេះ បានក្លាយទៅជាគំនុំសងសឹក ទើបនៅថ្ងៃទី១៥ ឧសភា ១៩៤៨ សម្ព័ន្ធភាពយោធាមួយ បានបង្កើតឡើងពីបណ្ដាកម្លាំងប្រដាប់អាវុធមកពីពួកប្រទេស អេហ្ស៊ីប Jordan ស៊ីរី លីបង់ និងអ៊ីរ៉ាក់ ឯកច្ឆ័ន្ទបើកជាយុទ្ធនាការប្រតិបត្តិជាយោធាចម្រុះមួយ វាយប្រហារមកលើរដ្ឋអំណាច ដ៏ក្មេងខ្ចីរបស់ អ៊ីស្រាអែលដែលទើបនឹងត្រូវបាន បង្កើតឡើង!។ ដោយនៅមានភាពទន់ខ្សោយ មិនជំនាញនិងការបំពាក់អាវុធនៅមានការអន់ថយ បានធ្វើឱ្យកងកម្លាំងយោធារបស់អ៊ីស្រាអែលទទួលការខាតបង់យ៉ាងដំណំច្រើនពីការវាយប្រហាររបស់ពួកអារ៉ាប់នេះ តែដោយស្មារតីនិងទឹកចិត្តមិនបោះបង់ដីកេរដូនតានាំឱ្យកងទ័ពអ៊ីស្រាអែលនៅឈរជើងរឹងមាំ មិនរាថយ រួមទាំងការវាយបកទន្ទ្រានកាន់កាប់តំបន់មួយចំនួនថែមទៀតដែលជាដែនដីត្រូវបានបែងចែកទៅឱ្យនិគមជនប៉ាឡេស្ទីននិងតំបន់ភាគខាងលិច Jerusalem ដោយអង្គការសហប្រជាជាតិ ទៀតផង!។
នៅឆ្នាំ១៩៤៩ មានបទបញ្ជាមួយឱ្យឈប់បាញ់គ្នា រៀបចំសម្របសម្រួលទៅដោយអ.ស.ប ដែលការសម្របសម្រួលលើកនេះបានជួយឱ្យពួកអ៊ីស្រាអែលមុននេះបានកាន់កាប់ទឹកដីក្រោយពីសង្រ្គាមនោះ ទៅជាការកាន់កាប់ជាក់ស្ដែងមកលើបណ្ដាតំបន់ដែលអ៊ីស្រាអែលវាយយកបានពីអារ៉ាប់នោះទៅ! ហើយចាប់តាំងពីពេលនោះមក រដ្ឋធានីJerusalem ត្រូវបានបែងចែកទៅជាពីរ ដោយតំបន់ភាគខាងលិចក្រោយការគ្រប់គ្រងរបស់អ៊ីស្រាអែលនិងតំបន់ភាគខាងកើតក្រោមការគ្រប់គ្រងរបស់Jordanទៅ!។
ដល់ឆ្នាំ១៩៦៧ ទំនាស់រវាងអ៊ីស្រាអែលជាមួយពួកអារ៉ាប់ កើតឡើងសារជាថ្មី ពេលនោះក្រុមប្រទេសអារ៉ាប់ រួមមាន អេហ្ស៊ីប ស៊ីរី Jordan នាំមុខ បានធ្វើការថ្លឹងថ្លែងអំពីការបើកប្រតិបត្តិការសឹកជាថ្មី ប្រឆាំងទៅនឹងរដ្ឋអំណាច អ៊ីស្រាអែល! តែដោយដឹងផែនការមុន មិនរង់ចាំឱ្យសត្រូវមាន សកម្មភាពមុនទើបក្រុង Tel Avis បានបើកប្រតិបត្តិការសឹកវាយសង្រ្គប់មុនដើម្បីដណ្ដើមភាពធ្វើជាម្ចាស់លើសមរភូមិនៅចំពោះមុខសត្រូវអារ៉ាប់នោះ!។
គ្រាន់តែក្នុងរយៈពេល៦ថ្ងៃប៉ុណ្ណោះ កងទ័ពអ៊ីស្រាអែលបានរុញច្រានកងទ័ពអារ៉ាប់ ទាំងអស់ចេញផុតពីទីលានប្រយុទ្ធ ហើយដណ្ដើមបានជ័យជំនះ លើសមរភូមិ ដែលក្រោយមកគេឱ្យឈ្មោះហៅការ ប្រយុទ្ធនេះថា សង្រ្គាម៦ថ្ងៃ!។ ក្នុងសង្រ្គាម៦ថ្ងៃលើកនេះ កងទ័ពអ៊ីស្រាអែលហាក់បីកាន់កាប់រដ្ឋធានីJerusalem រួមទាំងវាលGaza លើឧបទ្វីបSinai និងខ្ពង់រាបGolan ស្ទើរតែទាំងស្រុង! ហើយមិនជាយូរប៉ុន្មាន ជ័យជំនះនេះបាននាំឱ្យពួកអ៊ីស្រាអែល ជាឯកតោភាគីប្រកាសថា Jerusalem ជារដ្ឋធានីដែលគ្មានការបែងចែកឡើយ! ដែលទោះបីជាអំពើនៃការប្រកាសមួយនេះរបស់អ៊ីស្រាអែល ពុំត្រូវបានសហគមន៍អន្តរជាតិឯកភាព គាំទ្រឡើយនោះ!។
ចំពោះប៉ាឡេស្ទីនវិញ ក្រោយពីពីរទសវត្សរ៍កន្លងមក ពីប្រទេសមួយមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ដូចមានចែងនៅក្នុងផែនការ បែងចែកតំបន់ របស់ អ.ស.ប ស្រាប់តែចាប់ពីក្រោយសង្រ្គាម៦ថ្ងៃ នេះមក រដ្ឋប៉ាឡេស្ទីនមួយ ហាក់បីមានតែឈ្មោះ លើក្រដាសតែពុំ មានរូបរាងស្ថិតស្ថេរ លើដែនដីពិតប្រាកដឡើយ ដោយមានតែខ្សែបន្ទាត់ព្រំដែនមួយយ៉ាងស្រពិចស្រពិល មិនច្បាស់លាស់សោះ!។ ដោយឡែកចំពោះប្រជាជន ប៉ាឡេស្ទីន វិញ មួយភាគធំដែលមិនអាចរស់នៅ ប្រកបអាជីព ក៏បានសម្រេចជ្រើសរើសបន្តការរស់នៅក្នុងភាព ជាអ្នកនិរទេសខ្លួន លើទឹកដីដូនតារបស់ខ្លួន នៅតាមបណ្ដោយ Gaza, West Bank ក្រោមការកាន់កាប់ត្រួតត្រា ទៅដោយកងទ័ពអ៊ីស្រាអែលនោះទៅ!។ តែទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏ជនជាតិប៉ាឡេស្ទីនទាំងអស់នៅតែបន្តមានសុបិន្តត្រូវបង្កើតរដ្ឋមួយដោយឡែកសម្រាប់ប្រជាជាតិរបស់ខ្លួនដោយមានការទទួលស្គាល់ជាផ្លូវការពីអ.ស.បនោះ!។
ទំនាស់អ៊ីស្រាអែល-ប៉ាឡេស្ទីន សង្រ្គាមនិងយុត្តិធម៌ របស់ជនមានអំណាច!
មានតែប្រវត្តិសាស្រ្តមួយទេ ដែលអាចនិយាយប្រាប់អ្នកអំពីមូលហេតុ ដែលនាំឱ្យមានឫសគល់នៃបញ្ហា!តំបន់ដែនដីប្រវត្តិសាស្រ្ត៣០០០ឆ្នាំរបស់ប្រជាជាតិអ៊ីស្រាអែល គ្រាន់តែជាសម្មតិកម្មមួយដែលជនជាតិអ៊ីស្រាអែលផ្អែកមកលើគម្ពី Old Testament ដើម្បីជឿថានេះជាដែនដីដូនតារបស់ជនជាតិអ៊ីស្រាអែលពិត មានយ៉ាងដូច្នោះមែន? ជាជាងការប្រាកដនិយមក្នុងការកំណត់បែងចែកទឹកដី មកលើភូមិសាស្រ្តនយោបាយមួយយ៉ាងច្បាស់លាស់មានតាំងពីសម័យកាលរបស់យុគ្គកណ្ដាលមកម្ល៉េះ!។ ទាំងអស់នេះនូវមានការលំបាក ក្នុងការអះអាងកំណត់ដែនដីរបស់ទោះបីប្រទេសណាមួយក្នុងសម័យកាលរាប់ពាន់ឆ្នាំ ដោយគ្រាន់តែអះអាងពឹងផ្អែកមកលើ“ជំនឿ” សោះ ឬមកលើគម្ពីសាសនាដែលនេះគ្រាន់តែភាពជំនឿតៗគ្នាក្នុងអរូបីហើយយកបញ្ហា “ជំនឿ” មាននៅក្នុងគម្ពីរាប់ពាន់ឆ្នាំនេះមកធ្វើជាការសំអាងថានេះជារបស់ជាតិខ្លួននៅក្នុងបញ្ហាវិវាទទាក់ទងដល់ដែនអធិបតេយ្យ បូរណភាពទឹកដីនោះ!។
ប្រវត្តិសាស្រ្តខ្លះ មានចរិតជាជំនឿសាសនានិងអរូបី គ្រាន់តែដឹងច្បាស់ថា ដែនដីម្ដុំនេះពីដើមឡើយធ្លាប់បានស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ពួកចក្រភពដ៏មហិមាខ្លាំងក្លាក្នុងរាប់សតវត្សរ៍ ដែលរាល់ការចម្បាំងគ្នាសុទ្ធតែមានកត្តាសាសនា ការពាក់ព័ន្ធទៅនឹងសាសនា ដែលម្ខាងរវាងអ្នកកាន់សាសនាអ៊ីស្លាម ជាមួយនិងពួកChristian និងម្ខាងទៀតជាពួក Judaism ដែលការចម្បាំងទាំងនេះក៏មានពួកCrusader ចូលរួមក្នុងសតវត្សរ៍ទី១១ ផងដែរ។ ការកាប់សម្លាប់និងសង្រ្គាមសាសនា ការចាប់ជនជាតិអ៊ីស្រាអែលធ្វើជាទាសករ រួមទាំងការបង្ខំឱ្យជនជាតិអ៊ីស្រាអែលទាំងនេះត្រូវនិរទេសខ្លួនទៅរស់នៅគ្រប់ទិសទីលើសាកលលោក ដោយរស់គ្មានមាតុភូមិ ទឹកដី! ក្រៅពីនេះ ក៏មានជនជាតិអ៊ីស្រាអែលខ្លះដែលមិនព្រមចាកចេញពីទឹកដីនេះ ក៏បានសម្របសម្រួលខ្លួនក្នុងការរួមរស់ជាមួយនិគមជនអារ៉ាប់លើទឹកដីប៉ាឡេស្ទីន ក្នុងរាប់រយឆ្នាំ ដែលទោះបីជាអ្នកទាំងនេះ មានដើមកំណើត ជំនឿដូចគ្នា តែក្រោយមកដោយកត្តាសាសនា ជំនឿ បានធ្វើឱ្យពួកគេប្រែក្លាយទៅជាសត្រូវប្រចាំសតវត្សរ៍ទៅ!។
ដល់ចុងសតវត្សរ៍ទី១៩ លោក Theodor Herzl ដែលត្រូវគេស្គាល់ថាជាបិតារបស់ចលនានៃលទ្ធិបង្កើតរដ្ឋឡើងវិញ Zionism ជាអ្នកដែលមានគំនិតផ្ដួចផ្ដើមមុនគេក្នុងការសរសេរសៀវភៅ “The State of the Jews” ដែលនៅក្នុងវណ្ណកម្មនេះ លោកបានអំនាវនាវដល់ជនជាតិJewsទាំងអស់លើសាកលលោកឱ្យចាកចេញបោះបង់អឺរ៉ុបវិលមកដែនដីកំណើតវិញ ដែលជា ទឹកដីប្រទានដោយព្រះ– The Promised Land ជាដែនដីកំណើតរបស់ជនជាតិអ៊ីស្រាអែល គឺតំបន់ប៉ាឡេស្ទីនបច្ចុប្បន្ននេះឯង! ម្យ៉ាងវិញទៀតស្របពេលដែលជនជាតិអ៊ីស្រាអែលមួយនេះ បាននិងកំពុងត្រូវរងការស្អប់ខ្ពើមពីប្រទេសឬសហគមន៍ដែលខ្លួនបានជ្រកកោនរស់នៅផង ទើបគំនិតចង់បង្កើតរដ្ឋដោយឡែកសម្រាប់ប្រជាជាតិអ៊ីស្រាអែល ក៏ចាប់កកើតពីពេលនោះមក!។
ភាពជាបងប្អូន តែជំនឿសាសនា បានប្រែក្លាយទៅជា សត្រូវប្រចាំជីវិត!
នៅដើមសតវត្សរ៍ទី២០ លើតំបន់ដែនដីប៉ាឡេស្ទីននេះ គឺជាកន្លែងរួមរស់របស់ជនជាតិអ៊ីស្រាអែលមួយចំនួនតូច និងភាគច្រើនគឺជនជាតិអារ៉ាប់! ហើយស្ថានភាពចាប់មានសភាពតានតឹង រវាងសហគមន៍ជនជាតិទាំងពីរនេះកាន់តែមានភាពអាក្រក់ទៅពេលដែលសហគមន៍អន្តរជាតិ បានសម្រេចប្រគល់ជូនប្រទេសអង់គ្លេសនូវភារកិច្ចក្នុងការបង្កើត “គេហដ្ឋាន” មួយនៅប៉ាឡេស្ទីនឱ្យជនជាតិអ៊ីស្រាអែល!។
ចំពោះជនជាតិអ៊ីស្រាអែល ទាំងមូលបានប្រតិបត្តិ ដោយអនុលោមក្នុងការជឿជាក់ទៅតាមព្រះគម្ពី Bible ដោយនៅតែចាត់ទុកដែនដីនេះថា ជាមាតុភូមិជាទីកំណើតរបស់ជនជាតិអ៊ីស្រាអែលក្នុងរាប់ពាន់ឆ្នាំមកហើយ! ប៉ុន្តែ ជនជាតិអារ៉ាប់ប៉ាឡេស្ទីនវិញក៏បានអះអាងនិងប្រកាសអំណាចអធិបតេយ្យរបស់ខ្លួនមកលើដែនដីនេះផងដែរថាជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងប្រឆាំងដាច់ខាតចំពោះការធ្វើពនេចរណ៍របស់និគមជនអ៊ីស្រាអែលធ្វើដំណើរមកកាន់តំបន់នេះជាបន្តបន្ទាប់នោះ!។ចាប់តាំងពីបណ្ដាឆ្នាំ១៩២០ដល់ឆ្នាំ៤០ ចំនួនជនជាតិអ៊ីស្រាអែលលើពិភពលោក វិលមកកាន់ដែនដីនេះមួយថ្ងៃកាន់តែច្រើនឡើងៗ ដោយ ទីមួយគឺដើម្បីរត់គេចពីការធ្វើបាប ស្អប់ខ្ពើមពីជនជាតិអឺរ៉ុប ទីពីរគឺការមកស្វែងរកមាតុភូមិកំណើតរបស់បុព្វការីជនអ៊ីស្រាអែល ដែលតាំងទីលំនៅអស់រយៈកាលជាង២០០០ឆ្នាំ ដែលពេលនេះវិលមកវិញបន្ទាប់ពីសង្រ្គាមលោកលើកទី១និងទី២ចប់មក។
ការកកើត រដ្ឋអ៊ីស្រាអែល និងកំណើតរបស់ក្រុម សកម្មប្រយុទ្ធHamas!
ដោយមានសម្ពាធពីសហគមន៍អន្តរជាតិ ទើបនៅថ្ងៃទី២៩ វិច្ឆិកា ១៩៤៧ ក្រុមប្រឹក្សាសហប្រជាជាតិ បានអនុម័តលើសេចក្ដីសម្រេចចិត្ត លេខ១៨១(២)ដោយអនុវត្តន៍ផែនការបែងចែកលើទឹកដី ប៉ាឡេស្ទីន ទៅជារដ្ឋមួយ របស់ជនជាតិអារ៉ាប់ និងរដ្ឋមួយទៀតសម្រាប់ជនជាតិ អ៊ីស្រាអែល! ហើយដោយឡែកមកពីលក្ខណៈពិសេស –Corpus Separatum ទើបរដ្ឋធានីJerusalemជាដែនដីមួយត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អន្តរជាតិ!
ដោយសេចក្ដីស្រេកឃ្លានចង់មាន មាតុភូមិមួយ ដោយឡែកសម្រាប់ប្រជាជាតិរបស់ខ្លួនក្រោយពីការបាត់បង់ រសាត់អណ្ដែតនិរទេសជាតិខ្លួន អស់រយៈកាលជាង២០០០ឆ្នាំមក! ទើបអ៊ីស្រាអែល ឯកភាព ទទួលយកផែនការបែងចែក ទឹកដីរបស់អ.ស.បភ្លាម ដោយឡែកចំពោះពួកអារ៉ាប់វិញ មិនឯកភាពដោយទាមទារ យកទាំងអស់មិនចែកឱ្យ អ៊ីស្រាអែល ឡើយ។ សមិទ្ធផលនយោបាយនេះ បាននាំឱ្យ អ៊ីស្រាអែលប្រកាស បង្កើតរដ្ឋអ៊ីស្រាអែល ជាផ្លូវការនៅថ្ងៃទី១៤ ឧសភា ១៩៤៨ ហើយមហាអំណាចទាំងពីរអាមេរិកនិងសហភាពសូវៀតប្រកាសទទួលស្គាល់រដ្ឋអ៊ីស្រាអែលមុនគេបង្អស់ទៅ!។
នៅចំពោះមុខការឈឺចាប់ បាត់បង់នេះ ដែលជាបច្ច័យចម្បង ក្នុងការនាំឱ្យមានសង្រ្គាម អារ៉ាប់-អ៊ីស្រាអែល នាឆ្នាំ១៩៤៨ ក្រោយមកភាគីទាំងពីរអារ៉ាប់-អ៊ីស្រាអែលបានប្រកាសឈប់បាញ់ និងចុះហត្ថលេខាលើយុទ្ធសន្តិភាពនាឆ្នាំ១៩៤៩! តែជាអកុសល ក្រោយពីការឈប់បាញ់នេះ ដែនដីស្ទើរតែទាំងអស់នៅប៉ាឡេស្ទីនដែលត្រូវបានបែងចែកទៅឱ្យជនជាតិអារ៉ាប់ដោយអនុលោមទៅតាមសេចក្ដីសម្រេចលេខ១៨១(២)របស់អ.ស.បនោះ ត្រូវបានពួកអ៊ីស្រាអែលកាន់កាប់យកអស់ ដែលក្នុងពេលនោះJordany យកតំបន់West Bank និងពួកអេហ្ស៊ីបយកតំបន់Gazaទៅ!។
ការបន្តបាត់បង់ទឹកដីបន្ទាប់ពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨ បានបង្កើតទៅជាលលកកំហឹងមួយទៀត ពាសពេញ លើដែនដីប៉ាឡេស្ទីន បន្ទាប់មកដោយមានការកាន់កាប់យ៉ាងអយុត្តិធម៌មកលើ ដែនដី ដោយអ៊ីស្រាអែល ក៏បង្កើតឱ្យមានចរន្តចំណាកស្រុកដ៏ធំ របស់ជនជាតិអារ៉ាប់នៅប៉ាឡេស្ទីនទៅកាន់ពួកប្រទេសភូមិ ផងដ៏ច្រើន!។
កំហឹងពូជសាសន៍ អារ៉ាប់-អ៊ីស្រាអែលបានឡើងដល់កំពូល ទាំងពួកប្រទេសអារ៉ាប់និងអ៊ីស្រាអែល ចាប់មាននយោបាយអមិត្តប្រឈមមុខ ដាក់គ្នា មិនឈប់ឈរជាប្រចាំ។ ការចាញ់ចិត្តនេះ ទើបនៅឆ្នាំ១៩៥៤ អេហ្ស៊ីប បានបើកយុទ្ធនាការធ្វើការហ៊ុមព័ទ្ធឈូងសមុទ្រ Tiran រារាំងនាវាទាំងអស់មិនឱ្យធ្វើដំណើរទៅកាន់ Eilat បន្ទាប់មកដល់ថ្ងៃទី៦ កក្កដា ១៩៥៦ អេហ្ស៊ីប ចាប់ធ្វើជាតូបនីយកម្ម មកលើ ព្រែកជីក Suez ព្រមទាំងបានបិទទ្វារព្រែកជីកនេះ ដោយមិនអនុញ្ញាតឱ្យនាវាអ៊ីស្រាអែលទាំងអស់ធ្វើដំណើរទៅមកលើព្រែកជីកនេះ។ ដល់ថ្ងៃទី២៩ តុលា ១៩៥៦ អ៊ីស្រាអែលធ្វើការឆ្លើយតបដោយយកទ័ពចូលកាន់កាប់តំបន់ឧបទ្វីប Sinai ដែលការលុកលុយនេះមានការគាំទ្រពីបារាំងនិងអង់គ្លេសផង។ វិបត្តិព្រែកជីកSuez ឆ្នាំ ១៩៥៦ក៏បាននាំឱ្យ អ៊ីស្រាអែល ធ្វើការកាន់កាប់តំបន់Gaza ក្នុងមួយរយៈពេលដ៏ខ្លីទៅ!។
នៅឆ្នាំ១៩៦៤ អង្គការរំដោះ ប៉ាឡេស្ទីន-PLO ដែលមានលោក Yasser Arafat ជាប្រធានត្រូវបានបង្កើតឡើង ដល់ឆ្នាំ១៩៦៧ ប្រទេសអារ៉ាប់ ភូមិផងមួយចំនួនឡើងផែនការឈ្លានពាន វាយប្រហារមកលើអ៊ីស្រាអែលជាលើកទី២។ ក្រោយសង្រ្គាម៦ថ្ងៃឆ្នាំ១៩៦៧មក ពួកសម្ព័ន្ធយោធាអារ៉ាប់ចាញ់ពួកអ៊ីស្រាអែល នាំឱ្យអង្គការPLOរត់គេចខ្លួនទៅជ្រកកោននៅJordany ជាទីកន្លែងដែលស្ដេចHussein ផ្ដលមូលដ្ឋាននិងជម្រកឱ្យចលនាPLOលាក់ខ្លួនដើម្បីបន្តធ្វើសកម្មភាព ក៏ប៉ុន្តែដល់ឆ្នាំ១៩៧០ ពួកPLOស្រាប់តែក្បត់លោកHussein ដោយមានឧបទ្ទវហេតុ “ខែកញ្ញាខ្មៅ-Black September”! ដែលឧបទ្ទវហេតុនេះនាំឱ្យមានការបរាជ័យរបស់កងទ័ពJordany ហើយការចាញ់របស់កងទ័ពJordany ជាបច្ច័យដ៏អាក្រក់ ក្នុងការបានបង្ខំឱ្យអង្គការPLOសម្រេចរុះរើមូលដ្ឋានទៅកាន់តំបន់Lebanon ភាគខាងត្បូង ជាទីកន្លែងដែលPLOបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្ងាត់ បម្រើឱ្យរាល់ផែនការភេរវកម្មវាយចូលមកភាគខាងជើងរបស់អ៊ីស្រាអែលនិងមកលើទីតាំងផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិកនៅលើពិភពលោកទៀតផងនោះ!។
Hamas ជាក្រុមប្រដាប់អាវុធធំ និងជ្រុលនិយមបំផុត ក្នុងចំណោមសកម្មជនអ៊ីស្លាម ប៉ាឡេស្ទីន!
Hamasកើតចេញមកពីចលនាតស៊ូអ៊ីស្លាមនាឆ្នាំ១៩៨៧ប្រឆាំងទៅនឹងការកាន់កាប់របស់អ៊ីស្រាអែលមកលើWest Bank និងតំបន់Gaza ដែលនៅក្នុងកម្មវិធីនយោបាយរបស់Hamas គឺការប្ដេជ្ញាកម្ទេចអ៊ីស្រាអែលឱ្យអស់!។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៥បន្ទាប់ពីកម្លាំងអ៊ីស្រាអែលដកខ្លួនចេញអស់ពីតំបន់Gazaមក ពួកHamasក៏បានជ្រៀតចូលរួមក្នុងដំណើរការនយោបាយរបស់ប៉ាឡេស្ទីន ហើយក្រោយមកពួកHamasនេះ ដណ្ដើមបានកិត្យានុភាពនិងទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនីតិបញ្ញតិ្តនាឆ្នាំ២០០៦ទៅ! នៅមុនពេលពង្រឹងនិងពង្រីកនូវអំណាចរបស់ក្រុមខ្លួន ពួកHamasស្វែងរកវិធានដើម្បីផ្ដួលរំលំចលនាFatah ដែលជាក្រុមសកម្មជននិយមផ្លូវកណ្ដាលរបស់ប្រធានាធិបតី Mahmoud Abbas។ ភាពរឹងរូសនិងសភាវៈព្រៃផ្សៃ កាចសាហាវរបស់ក្រុមHamasត្រូវប្រទេសអារ៉ាប់មួយចំនួន រួមទាំងអាមេរិក និងអឺរ៉ុបចាត់ទុកពួកនេះជាក្រុមភេរវករក្នុងតំបន់និងអន្តរជាតិ!។
មរណភាពរបស់ Yasser Arafat ដែលជាប្រមុខរបស់ក្រុមFatah នាឆ្នាំ២០០៤ នាំដល់ការឡើងកាន់អំណាចរបស់ Mahmoud Abbas ចំពោះPLOថ្មី ដែលប្រមុខអ្នកដឹកនាំទាំងពីរនេះ Arafat និងAbbas សុទ្ធតែបានចាត់ទុកការតស៊ូប្រដាប់អាវុធ ហិង្សារបស់ក្រុមHamasនេះ នឹងពុំបាននាំមកទោះបីការជោគជ័យណាមួយនៅចំពោះមុខអានុភាពរបស់អ៊ីស្រាអែលឡើយ!។ ពេលដែលពួកHamas យកជ័យជំនះក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីននាឆ្នាំ២០០៦មក ព្រឹតិ្តិការណ៍មួយនេះបានកកើតទៅជាទីលានប្រកួតនយោបាយមួយរវាងក្រុមHamas និងFatah ក្នុងការដណ្ដើមអំណាចលើឆាកនយោបាយប៉ាឡេស្ទីននៅក្នុងតំបន់!។ ក្រុមសកម្មប្រយុទ្ធHamas ប្រឆាំងដាច់ខាតនូវរាល់កិច្ចខិតខំប្រឹងប្រែងណាមួយ ក្នុងការសម្របសម្រួល ឬក្នុងការចុះហត្ថលេខាមុននេះរវាងប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល ក៏ដូចជានូវរាល់ការទទួលស្គាល់លើផ្លូវច្បាប់ណាមួយចំពោះអ៊ីស្រាអែល ព្រោះពួកHamasប្រកាន់យកការតស៊ូតាមរយៈប្រដាប់អាវុធ ហិង្សាជាមួយអ៊ីស្រាអែល ពុំមែនតាមវិធានសន្តិសភាពនោះទេ!។
ជាការពិតលទ្ធិ Zionist អ៊ីស្រាអែលក៏មានរូបភាពជ្រុលនិយម មិនខុសអីទៅនឹងអំពើភេរវកម្មរបស់ពួក Hamas ផងដែរ! ព្រោះឱ្យតែនរណាមានគំនិតសម្របសម្រួល សម្បទានជាមួយជនជាតិអារ៉ាប់គឺសុទ្ធតែជាសត្រូវរបស់ពួក Zionist ទាំងអស់ដែលត្រូវតែកម្ទេចចោល! ដូច្នោះ សោកនាដកម្មដ៏ខ្លោចផ្សារបំផុតនៅតែជាប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលរហូតមកដល់សព្វថ្ងៃនេះ ប៉ាឡេស្ទីននៅតែជាជនភៀសខ្លួនលើដែនដីកំណើតរបស់ខ្លួន! ឥតទាន់មានដែនដី រដ្ឋអធិបតេយ្យរបស់ខ្លួនមួយនៅលើដែនដីដូនតារបស់ខ្លួននៅឡើយ! ទិដ្ឋភាពខាងក្នុងត្រូវពួកអ៊ីស្រាអែលគាបសង្កត់ ជាន់ឈ្លី ទន្ទឹមនេះលើទិដ្ឋភាពខាងក្រៅត្រូវប្រទេស អ៊ីរ៉ង់ ស៊ីរី ឬប្រទេសអារ៉ាប់ខ្លះប្រើប្រាស់ធ្វើជាសន្លឹកបៀរប្រឆាំងអ៊ីស្រាអែលនៅក្នុងតំបន់! បើផ្ទៃក្នុងវិញ ពួកមេដឹកនាំប៉ាឡេស្ទីនជំនាន់ថ្មីយកផលប្រយោជន៍របស់ប្រជាជាតិប៉ាឡេស្ទីន ទៅដោះដូរ តថ្លៃស្វែងរកផលលាភសម្រាប់បក្ខពួក ក្រុមខ្លួន ខុសទៅនឹងអ្វីដែលលោកArafat ឬ Abbas បានធ្វើបម្រើដល់បុព្វហេតុរបស់ប្រជាជាតិប៉ាឡេស្ទីនកន្លងមកនោះ! ព្រោះអស់រយៈកាលជាង៥ទសវត្សរ៍ ទាំងលោកArafat ទាំងលោក Abbas បានមើលឃើញថា ទំនាស់វិវាទរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ពុំអាចយកឈ្នះនិងដោះស្រាយបានតាមរយៈការទម្លាក់គ្រាប់បែក ការបាញ់ផ្លោងគ្រាប់កាំភ្លើងបានឡើយ! ដែលទោះបីជាតំបន់West Bank ឬGaza ត្រូវរលាយ ក៏អ៊ីស្រាអែលនៅតែជាអ៊ីស្រាអែលមួយដ៏រឹងមាំដដែល!។ ហើយចំពោះពួកប្រទេសអារ៉ាប់ខ្លះវិញនៅតែប្រើប្រាស់សាច់ឈាមស្រស់របស់ប្រជាជនប៉ាឡេស្ទីន ធ្វើជាកូនអុកលើការតស៊ូដណ្ដើមអំណាច ឧត្តមភាពនៅមជ្ឈឹមបូព៌ាដដែល! ដោយពុំបានចូលរួមក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជាតិប៉ាឡេស្ទីនឡើយ!។
យុទ្ធវិធីក្នុងការធ្វើឱ្យពួក Hamas ហូរឈាម អស់ចេញពីខ្លួន!
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក របៀបទប់ទល់ជាមួយពួកHamasរបស់អ៊ីស្រាអែល ប្រៀបដូចការ “កាត់ស្មៅ” ខាងមុខផ្ទះ មានន័យថា ធ្វើឱ្យបច្ចាមិត្តកាន់តែចុះខ្សោយទៅៗឱ្យតែមានប្រតិបត្តិការយោធាវាយប្រហារម្ដងៗពីពួកHamasនេះ!។
ក្រោយពីកិច្ចព្រមព្រៀង OSLO ឆ្នាំ១៩៩៣ តំបន់ Gaza ហាក់បីទាំងមូលត្រូវបានស្ថិតនៅក្រោមអភិបាលកិច្ចរបស់អាជ្ញាធរប៉ាឡេស្ទីនដែលទើបនឹងត្រូវបានបង្កើតឡើង! ក៏ប៉ុន្តែអំពើហិង្សានៅតែកើតមានឡើងរួចរីករាលដាលធំទៅៗបន្ទាប់ពីមានចលនាIntifada ប្រឆាំងអ៊ីស្រាអែល លើកទីពីរកើតឡើងនៅបណ្ដាឆ្នាំ២០០០ដោយយុវជនប៉ាឡេស្ទីន! ហើយដើម្បីទប់ទល់ ទៅនឹងចលនា Intifadaនេះ ពួកអ៊ីស្រាអែលចាប់ផ្ដើមកសាងរបងសន្តិសុខដោយកាត់ទទឹងពាក់កណ្ដាលGazaជាមួយនឹងដែនដីទាំងនេះ រួមទាំងការកសាងរបង នៅជិតព្រំដែន របស់អេហ្ស៊ីប ផង។
Hamas ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលកើតចេញពីចលនា Intifada លើកទី១នាឆ្នាំ១៩៨៧ ក្នុងឋានៈជាក្រុមតំណាង ឱ្យប៉ាឡេស្ទីន ក្នុងចលនាភាពជាអ្នកបងប្អូនអ៊ីស្លាម ដែលមានដើមកំណើតចេញពីអេហ្ស៊ីប ដោយមានការគាំទ្រក៏បាននាំឱ្យក្រុម Hamas ដណ្ដើមបានជ័យជំនះក្នុងការ បោះឆ្នោតសភាប៉ាឡេស្ទីន នាឆ្នាំ២០០៦ទៅ! ជារួម មានប្រជាជនប៉ាឡេស្ទីន វ័យកណ្ដាល និងយុវជនជាច្រើន បានគាំទ្រពួកHamas នេះ ដោយក្រុមនេះបានបដិសេធ នូវរាល់វិធានការសន្តិភាព និងប្រើប្រាស់អំពើហិង្សាប្រឆាំងទៅនឹង ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលមកលើដែនដីប៉ាឡេស្ទីន!។ ដល់ឆ្នាំ២០០៧ Hamas ទាំងមូលហាក់បីធ្វើការត្រួតត្រាមកលើតំបន់Gazaទាំងមូល ចំពោះក្រុមFatahវិញបានគ្រប់គ្រងមកលើតំបន់West Bank មួយតែប៉ុណ្ណោះ!។
យុទ្ធវិធីកាត់់ស្មៅតែមិនកាត់ឫសស្មៅ!
ការប្រទូស្តរាយ ជាអាវុធមុននេះ រវាងពួកអ៊ីស្រាអែលជាមួយនិងពួកអារ៉ាប់ នៅបណ្ដាឆ្នាំ១៩៤៨, ១៩៦៧ និង១៩៧៣ សុទ្ធតែមានទ្រង់ទ្រាយធំនិងសាហាវបំផុត! តែបើតាមការវិភាគរបស់ពួកយោធានិយម គេសម្គាល់ឃើញកងកម្លាំងអ៊ីស្រាអែលមានយុទ្ធវិធីវាយបកនិងរុញច្រានទៅក្រោយច្រើនជាងការវាយកម្ទេចកម្លាំងប៉ាឡេស្ទីន ហើយសូម្បីតែពួកHamasក៏អ៊ីស្រាអែលមានវិធានការដូចគ្នា មិនកម្ទេចតែមិនឱ្យពួកនេះរស់ក្នុងភាពខ្លាំង!។
ព្រោះដើម្បីជាការប្រឈមមុខ ជាមួយនឹងសត្រូវ ដែលពុំមែនជារដ្ឋតែរឹងរូសដូចពួក Hamas នេះ ពួកអ៊ីស្រាអែល មិនចាំបាច់ប្រើកម្លាំងបាយ មានទ្រង់ទ្រាយធំទេ គ្រាន់តែជាម្ដងម្កាល ធ្វើការកាត់ស្មៅ សម្អាតកម្លាំងសត្រូវឱ្យចុះថយតែប៉ុណ្ណោះ!។ ព្រោះការបើកប្រតិបត្តិការសឹកមានទ្រង់ទ្រាយធំ ជាមេរៀនច្រើនក្នុងការត្រូវសងនូវតម្លៃថ្លៃជាង តែបើអ៊ីស្រាអែលអនុវត្តន៍យុទ្ធវិធីប្រតិបត្តិការកាត់ស្មៅតែមិនដកឫសនេះមានភាពចំណេញជាងក្នុងយុទ្ធសាស្ដ្រទៅវិញ!។
វិវាទកម្ម ប៉ាឡេស្ទីន-អ៊ីស្រាអែល និងភាពជ្រុលនិយមរបស់ Hamas កាន់តែធ្វើឱ្យអធិករណ៍មួយនេះ ដើរខុសទិស!
ការប្រទូស្តរាយ ជាអាវុធ រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល លើកនេះជាលើកទី១៤ ហើយការតស៊ូរបស់ប្រជាជាតិប៉ាឡេស្ទីន ក៏ចាប់មានការវិវត្តន៍ ផ្លាស់ប្ដូរច្រើន បន្ទាប់ពីយុទ្ធសាស្រ្ត៣ជំហានចម្បង របស់ ប៉ាឡេស្ទីន ឥតទទួលបានជោគជ័យ ដោយជំហានទី១ ការតស៊ូដោយប្រដាប់អាវុធ ជំហានទី២ ធ្វើអន្តរជាតូបនីយកម្មមកលើបញ្ហាវិវាទនេះ និងជំហានទី៣ ពឹងផ្អែកមកលើពិភពអារ៉ាប់ឱ្យជួយ! ក្នុងទស្សនៈទាននយោបាយ យូរអង្វែងវិញ ក្នុងករណីបើប្រជាជាតិប៉ាឡេស្ទីន ពុំអាចតស៊ូទាមទារ បានរដ្ឋឯករាជ្យមួយ សម្រាប់ប្រជាជាតិខ្លួននោះ! ប្រហែលជាពួកគេស្វែងរក សិទ្ធិស្មើភាព ក្នុងឋានៈជាពលរដ្ឋរបស់ប្រទេសអ៊ីស្រាអែលមួយ ដ៏មហិមានោះវិញ! ហើយក្នុងរយៈពេលរង់ចាំ ពួកប៉ាឡេស្ទីននិងផឹកទឹកដោះគោពីគោទឹកដោះ របស់អ៊ីស្រាអែលឱ្យសោះ អស់ពីខ្លួន ក្នុងសេដ្ឋកិច្ចរបស់អ៊ីស្រាអែលទៅវិញ!។ព្រោះបើយោងទៅតាមព័ត៌មាន ចារកម្ម របស់យោធាអ៊ីស្រាអែល គឺក្នុងទំនាស់ដោយកម្លាំងបាយ រវាងប៉ាឡេស្ទីនជាមួយអ៊ីស្រាអែលនេះ គឺ អ៊ីស្រាអែលមិនបារម្ភ ទៅនឹងសង្រ្គាម ដែលអាចយកឈ្នះ មកលើអ៊ីស្រាអែល នោះបានទេ តែជាការពិតអ៊ីស្រាអែលទេ ដែលខ្លាចសន្តិភាពទៅវិញ! ដោយសន្តិភាពប៉ាឡេស្ទីន អាចសម្លាប់គោទឹកដោះ សេដ្ឋកិច្ចអ៊ីស្រាអែល បានដោយកត្តាប្រជាសាស្រ្ត ប៉ាឡេស្ទីនទៅវិញ! មេរៀនសម្រាប់អ៊ីស្រាអែល ដោយកត្តាប្រជាសាស្រ្ត ជាជោគវាសនា!ព្រោះការកើនឡើងនៃចំនួនប្រជាជនមិនមែន ជាតិអ៊ីស្រាអែល នឹងធ្វើឱ្យមានការប្រែប្រួល យ៉ាងជ្រាលជ្រៅលើផ្នែកនយោបាយ សង្គម និងជះឥទ្ធិពលខ្លាំង មកលើជីវភាពនយោបាយ ផ្ទៃក្នុងរបស់អ៊ីស្រាអែលផង!។ ដោយបច្ចុប្បន្ន ក៏មានគណបក្សអ៊ីស្រាអែលដើមកំណើតអារ៉ាប់បានចូលរួមក្នុងដំណើរការបោះឆ្នោត ហើយដែលគណបក្សនេះដណ្ដើមបានការគាំទ្រយ៉ាងច្រើនពីមហាជន។ គណបក្សនយោបាយអ៊ីស្រាអែល ដើមកំណើតអារ៉ាប់នេះ អាចនឹងក្លាយទៅជាគណបក្សមួយធំ នៅលើឆាកនយោបាយ របស់អ៊ីស្រាអែល ក្នុងអនាគត!នៅក្នុងបរិបទនយោបាយមួយនេះ អ៊ីស្រាអែល ប្រហែលជាត្រៀមខ្លួន ស្វាគមន៍ទទួលយកនាយករដ្ឋមន្រ្តីថ្មី ដើមកំណើតអារ៉ាប់ ឬមួយរដ្ឋមន្រ្តីការពារជាតិ កាន់សាសនា អ៊ីស្លាម ដើម្បីជាការបន្ធូរបន្ថយ សភាពការណ៍ក៏ពុំអាចថាបាន!! ដែលទាំងអស់នេះ សុទ្ធតែជាសម្មតិកម្មនយោបាយ នាអនាគតទាំងអស់នោះ សម្រាប់ អ៊ីស្រាអែល មួយរស់ក្នុងសន្តិភាពយូរអង្វែងនោះ!។
ក្រុមសកម្មប្រយុទ្ធ Hamas បានផលអីពេលនេះ ក្នុងការបើកយុទ្ធនាការ វាយប្រហារមកលើអ៊ីស្រាអែលនោះ!
ការប៉ះទង្គិចជាប្រដាប់អាវុធរវាង ប៉ាឡេស្ទីន ជាមួយអ៊ីស្រាអែល បាននាំមកនូវឱកាសល្អសម្រាប់ពួកសកម្មប្រយុទ្ធHamas ដោយពួកនេះជាក្រុមអ៊ីស្លាមជាតិនិយមមួយ បាននិងកំពុងបាត់កិត្យានុភាព លែងមានឥទ្ធិពលនយោបាយ ដោយចង់ស្ដារឡើងវិញនូវអត្ថិភាពរបស់ក្រុមខ្លួនលើដែនដីGaza ចង់បង្ហាញប្រជាជនប៉ាឡេស្ទីនឃើញថាមានតែ Hamasទេ ដែលជាអ្នកស្រឡាញ់ការពារប្រជាជនប៉ាឡេស្ទីននិងក្រុងJerusalem តែមួយគត់ នៅចំពោះមុខលោក Mahmoud Abbas ប្រធានរដ្ឋប៉ាឡេស្ទីន គ្មានបានការអី អសមត្ថភាព ហើយដែលកំពុងធ្លាក់កិត្យានុភាព នោះ!។ ពិតមែនតែការបាញ់ផ្លោងមកលើអ៊ីស្រាអែល មិនបានជោគជ័យដូចការគ្រោងទុក តែគោលបំណងរបស់ពួកHamasហាក់បីជោគជ័យ ដោយទី១ ក្រុមHamasចង់លុបលាងភាពអាម៉ាស់របស់ខ្លួនដែលត្រូវលោកAbbas លុបការបោះឆ្នោតដែលពួកHamasសង្ឃឹមថាឆ្លងតាមការបោះឆ្នោតនេះ ក្រុមHamasរបស់ខ្លួននឹងទទួលបានភាពយុត្តិធម៌មកវិញក្នុងការតស៊ូរបស់ខ្លួន ទី២ ចង់បញ្ជាក់ឱ្យឃើញថា ក្រុមHamasមានសមត្ថភាពក្នុងការផលិតដោយខ្លួនឯងនូវបច្ចេកទេសកាំជ្រួចដ៏ជំនាញរបស់ក្រុមខ្លួន ទី៣ ចង់បង្អាប់តួនាទីរបស់ក្រុមFatahនៅចំពោះមុខប្រជាជាតិប៉ាឡេស្ទីននិងក្នុងពិភពអារ៉ាប់ទាំងមូលក៏កំសាក ឥតបានការផង!។ ការបើកប្រតិបត្តិការយោធារបស់ពួកHamasក្នុងការវាយប្រហារមកលើអ៊ីស្រាអែល ពេលនេះមានចរិតនយោបាយច្រើនជាងគោលដៅយោធា! ដោយឡែកចំពោះអ៊ីស្រាអែលវិញរង់ចាំតែមានឱកាសមួយនេះដើម្បីកម្ទេចសមត្ថភាពរបស់Hamasនិងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនផងដែរ!។
តាមការវិភាគ របស់ពួកអ្នកយុទ្ធសាស្រ្ត នយោបាយ ការបាញ់កាំជ្រួចរបស់ពួកHamas មកលើ អ៊ីស្រាអែលគឺ ដើម្បីចាប់បង្ខំឱ្យពួកប្រទេសអារ៉ាប់ និងអ៊ីស្លាមទាំងអស់ កុំដេកភ្លេចនូវស្ថានភាព ប្រជាជាតិប៉ាឡេស្ទីន ដែលកំពុងរស់តែឥតទាន់ មានស្រុកកំណើត មាតុភូមិនៅឡើយទេ ចាប់តាំងពីបណ្ដាឆ្នាំ១៩៤៨មកម្ល៉េះ! ព្រោះអីក្នុងឆ្នាំ២០២០នេះ ស្រាប់តែមានប្រទេសអារ៉ាប់ ដែលដើរតាមនិកាយSunni ជាច្រើននៅក្នុងតំបន់ បានប្ដូរជំហរចាប់មានទំនាក់ទំនងល្អជាមួយ អ៊ីស្រាអែល បន្ទាប់ពីក្រុមប្រទេសអារ៉ាប់ ទាំងនេះទទួលបានការសន្យាពី សហរដ្ឋអាមេរិក ថានឹងលក់អាវុធយុទ្ធភ័ណ្ឌទំនើប ក្រោយពីប្រទេសអារ៉ាប់ ទាំងនេះត្រូវបានបដិសេធ មិនលក់អាវុធឱ្យជាយូរមកហើយ! ហើយបើចេះតែបណ្ដោយឱ្យសភាពការណ៍នេះ ចេះតែមានភាពរលូន ទៅមុខ គឺប្រជាជាតិប៉ាឡេស្ទីន ទាំងមូល នឹងត្រូវក្រុមប្រទេសអារ៉ាប់ និងពួកអ៊ីស្លាម Sunni ភ្លេចបាត់បុព្វហេតុតស៊ូរបស់ប្រជាជាតិប៉ាឡេស្ទីន! ហើយការភ្លេចនេះ នឹងធ្វើឱ្យក្រុមFatah ដឹកនាំដោយលោកប្រធានAbbas មានតួនាទីនៅលើឆាកអន្តរជាតិឡើងវិញដោយជាក្រុមModerate ក្នុងដំណោះស្រាយប៉ាឡេស្ទីន-អ៊ីស្រាអែលនោះ។
បង្កើតសង្រ្គាមដើម្បី លើកកម្ពស់កិត្យានុភាព របស់ក្រុមខ្លួន!
ក្នុងផលប្រយោជន៍សួនតួ របស់ក្រុមខ្លួន ទើបពួក Hamas ដាច់ខាតមិនបោះបង់ចោលការគ្រប់គ្រងមកលើតំបន់ Gaza ហើយប្រែក្លាយតំបន់Gazaនេះជាគោលដៅនៃការបាញ់ផ្លោងពី អ៊ីស្រាអែល ក្នុងអនាគត! ដែលនេះជាផលប្រយោជន៍ស្លាប់រស់តែមួយគត់របស់ក្រុមHamas!។ អំពើហិង្សាទាំងឡាយ ក្នុងអតីតកាល គឺជាមធ្យោបាយ ក្នុងការជួយឱ្យពួកHamas យកឈ្នះក្នុងការបោះឆ្នោត នៅក្នុងបណ្ដាឆ្នាំ២០០៦ ហើយក៏ជាបច្ច័យមួយ ក្នុងការនាំឱ្យកងកម្លាំង និងប្រជាជន អ៊ីស្រាអែល ត្រូវដកចេញអស់ពីតំបន់Gaza! ដល់ឆ្នាំ២០០៩ ពួកHamasក៏សម្រេចបណ្ដេញក្រុមFatah ចេញពីGazaផងដែរ! ពេលនោះលោកប្រធានMahmoud Abbas នៅសល់តែតំបន់គ្រប់គ្រងមួយគត់គឺ West Bank រួមទាំងJerusalem ជាទីកន្លែងដែលប៉ាឡេស្ទីនត្រូវបែងចែកជាមួយអ៊ីស្រាអែលក្នុងការធ្វើរដ្ឋធានីផងដែរ!។ ដូច្នោះការបំផុសឱ្យមានការប្រទូស្តរាយលើកនេះ ក្រៅពីការបាញ់មកលើ អ៊ីស្រាអែល គឺពួកHamasចង់បង្ហាញឱ្យពិភពអារ៉ាប់មើលឃើញការអសមត្ថភាពរបស់ក្រុមFatah របស់លោកAbbas ព្រមទាំងជាការលើកកម្ពស់អត្ថិភាពនិងកិត្យានុភាពនូវតួនាទីដឹកនាំរបស់Hamasក្នុងតំបន់នេះផង!។
តាមការអះអាង របស់អ្នកនយោបាយ នៅក្នុងតំបន់ គឺពួក Hamas ជារដ្ឋអំណាចមួយមានចរិតនយោបាយ ផ្ដាច់ការ និយមជ្រុលបំផុត និងមហាពុករលួយ ព្រមទាំងពុំបានធ្វើអ្វីមួយ ដែលមានផលប្រយោជន៍ សម្រាប់ប្រជាជន ប៉ាឡេស្ទីន ឡើយ ក្រៅអំពីការបំផុសឱ្យមានអំពើហិង្សា និងចម្បាំងតែប៉ុណ្ណោះ!។ ព្រោះនៅបណ្ដាឆ្នាំ២០០៧ អ៊ីស្រាអែល និងអេហ្ស៊ីប ធ្លាប់បានធ្វើការហ៊ុមព័ទ្ធ សេដ្ឋកិច្ចមកលើតំបន់ Gaza របស់ពួកHamas ក៏ប៉ុន្តែនៅតែមានប្រទេសអារ៉ាប់និងអ៊ីស្លាម ជាច្រើននៅតែបន្តផ្ដល់ ជំនួយឱ្យ ដោយការផ្ដល់ជំនួយ ដ៏សម្បូរបែបយ៉ាងនេះ គឺជាលេសក្នុងការធ្វើឱ្យពួកHamasបន្តយកប្រជាជនប៉ាឡេស្ទីន ធ្វើជានុយនយោបាយ ក្នុងការអូសទាញ សមានចិត្ត ពីពួកអ្នកចិត្តល្អតែពុំមានការគិត! ហើយពេលដែលមានការប៉ះទង្គិច ជាប្រដាប់អាវុធជាមួយអ៊ីស្រាអែល អំពើហិង្សានេះបានប្រែក្លាយទៅជា ប្រធានបទថ្មី ក្នុងការឃោសនាប្រឆាំងអ៊ីស្រាអែល ដោយមិនគិតអំពីការស្វែងរកដំណោះស្រាយ នយោបាយឆ្ពោះទៅការបំបាត់សោកនាដកម្ម សម្រាប់ប្រជាជាតិ ប៉ាឡេស្ទីន សោះឡើយ!។
ចំពោះពួកអ្នកយុទ្ធសាស្រ្តនយោបាយរបស់អ៊ីស្រាអែលវិញយល់ឃើញថា បើពួក Hamasនៅតែបន្តត្រួតត្រាកាន់កាប់មកលើតំបន់Gaza គឺជាប្រការមួយដ៏ល្អបំផុត ព្រោះពួកHamasនេះមានមុខងារធ្វើឱ្យរដ្ឋអំណាចរបស់Fatahទន់ខ្សោយ បាត់កិត្យានុភាពទៅៗ ហើយការចុះខ្សោយរបស់ក្រុមFatahជាមូលបទសំខាន់ក្នុងការធ្វើឱ្យសេចក្ដីប៉ងប្រាថ្នា ក្នុងការចង់បង្កើតរដ្ឋប៉ាឡេស្ទីនកាន់តែវែងអន្លាយ កាន់តែឆ្ងាយទៅពិបាកឆ្ពោះទៅដល់ ដោយកត្តាបែកបាក់ផ្ទៃក្នុងរបស់កម្លាំងប៉ាឡេស្ទីនទាំងមូលនាំដល់ការចំណេញឱ្យអ៊ីស្រាអែលទៅវិញ!។
Hamas ក្រុមជ្រុលនិយមបំផុតនិងជាក្រុមភេរវកម្មរបស់ប៉ាឡេស្ទីន!
Hamas មកពីអក្សរអារ៉ាប់មានន័យថា ចលនាតស៊ូអ៊ីស្លាម ដែលចលនានេះមានបាវចនាកម្ទេចឱ្យអស់ អ៊ីស្រាអែល! និងជាក្រុមមានគំនិត បដិបក្ខទៅនឹងចលនារំដោះជាតិប៉ាឡេស្ទីន-PLO ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៨៧ ក្រោមការដឹកនាំដោយលោក Yasser Arafat នោះ!។
នៅឆ្នាំ១៩៩៣ ពេលដែល Arafat មានការសម្របសម្រួល ជាមួយ អ៊ីស្រាអែល ហើយក៏ដើម្បីឈានទៅដល់ការបញ្ចប់ Intifada ដំបូងនោះ ពេលនោះពួក Hamas បានធ្វើការបដិសេធមិនទទួលស្គាល់ នូវដំណើរការសនិ្តភាព ស្របទៅតាមសន្ធិសញ្ញា OSLO ព្រមទាំងបានប្រកាសបន្ តការវាយប្រហារ ជាអំពើភេរវកម្ម មកលើអ៊ីស្រាអែល ដដែល។
នៅឆ្នាំ ២០០៧ Hamasដណ្ដើបានសំឡេងគាំទ្រ ភាគច្រើនក្នុងការបោះឆ្នោត នៅក្នុងតំបន់Gaza យកឈ្នះមកលើចលនាFatah ដែលត្រូវបានមើលឃើញថា ជាក្រុមអន់ថយ នាំគ្នាចុះចាញ់ អ៊ីស្រាអែល ដែលមានលោក Abbas អ្នកដឹកនាំបន្តវេនពីArafatសុទ្ធតែជាជនកំសាកនោះ!។
Gaza គឺជាតំបន់មួយដែលមានកម្រិត ប្រជាជនរស់នៅច្រើន និងចង្អៀតជាងគេបំផុតនៅលើសាកលលោក។ តំបន់ Gaza មានព្រំដែនគោកជាប់ទៅអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយក៏មានព្រំដែនសមុទ្រ ដែលត្រូវបានត្រួតពិនិត្យ ឃ្លាំមើលយ៉ាងតឹងរឹងបំផុត ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់តំបន់Gazaនេះ ត្រូវឯកោ ហ៊ុមព័ទ្ធមួយភាគធំ។ ជារួមប្រជាជនប៉ាឡេស្ទីនដែលរស់នៅលើដែនដីGazaនេះ មានភាពក្រីក្រលំបាកបំផុត ពឹឹងផ្អែកទាំងស្រុងមកលើជំនួយមនុស្សធម៌ពីខាងក្រៅទាំងអស់!។
ក្រុម Hamas ត្រូវបានអ៊ីស្រាអែល អាមេរិក សហគមន៍អឺរ៉ុប កាណាដា និងអង់គ្លេស រួមទាំងប្រទេសមហាអំណាចមួយចំនួនធំ ចាត់ទុកថាជាក្រុម ភេរវកម្មអន្តរជាតិ!។
ប្រទេសសម្ព័ន្ធមិត្ត និងជាអ្នកដែលបានផ្ដល់ថវិកា ដ៏សំខាន់ឱ្យក្រុម Hamasនេះ គឺប្រទេស Qata ដែលរហូតមកដល់ពេលនេះ Qata បានជំនួយឱ្យ Hamasមានទឹកប្រាក់ទាំងអស់ជាង២កោដិដុល្លារអាមេរិក ក្រៅពីនេះHamasក៏ត្រូវបាន Turkey ផ្ដល់ការគាំទ្រជាស្មារតីយ៉ាងពេញទំហឹងចំពោះការតស៊ូរបស់ខ្លួនផងដែរ។
អាវុធមួយភាគធំ ដែលពួក Hamasបានប្រើប្រាស់ គឺបានមកពី អ៊ីរ៉ង់និងស៊ីរី ហើយដែលអាវុធយុទ្ធភ័ណ្ឌទាំងនេះ ត្រូវបានដឹកជញ្ជួន យ៉ាងសម្ងាត់ចូលទៅ តំបន់Gaza តាមផ្លូវស៊ូដង់និងអេហ្ស៊ីប !។
ការប្រទូស្តរាយជាអាវុធលើកនេះ ប្រជាជនប៉ាឡេស្ទីន ជាថ្មីម្ដងទៀត ត្រូវបានប្រើប្រាស់ជាចំណាប់ខ្មាំង នយោបាយ និងជាជនរងគ្រោះ របស់ពួក Hamas សារជាថ្មីដែលពួកនេះត្រូវសងនូវតម្លៃថ្លៃមួយ ក្នុងការគិតគូរ ជានយោបាយយុទ្ធសាស្រ្ត ក្នុងការប្រឈមមុខដាក់គ្នា ជាមួយអ៊ីស្រាអែល ដោយមិនមែនជានយោបាយ តែជាផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់ក្រុម Hamas ច្រើនជាងនោះ!។
ការប្រកាសឈប់បាញ់ គ្រាន់តែជាដំណោះស្រាយ បណ្ដោះអាសន្ន!
យោងតាមព័ត៌មានសម្ងាត់ ជាយូរមកហើយពួក អ៊ីស្រាអែលបានដឹងយ៉ាងច្បាស់ថា ពួកHamasឆ្លៀតប្រើប្រាស់ពេលវេលាឈប់បាញ់ ដើម្បីកសាងកម្លាំងទ័ព ជីករូងក្រោមដីស៊ីជ្រៅចូលមកក្នុងទឹកដី អ៊ីស្រាអែល ស្ថាបនាលេណដ្ឋាន និងកសាងកាំជ្រួចវាយប្រហារ រង់ចាំតែឱកាសល្អដើម្បីបើកយុទ្ធនាការវាយប្រហារ! ដោយបានដឹងជាមុនទើប អ៊ីស្រាអែលបានដាច់ចំណុចទាំងនេះទៅក្នុងប្រព័ន្ធរ៉ាដារបស់ខ្លួន ជាស្រេចអស់នោះ!។
ទិដ្ឋភាពជនជាតិអារ៉ាប់ នៅក្នុងជីវភាពនយោបាយ របស់អ៊ីស្រាអែល!
ក្រៅអំពីការប្រយុទ្ធបាញ់ផ្លោង ដាក់គ្នារវាងពួក Hamas មកលើដែនដី អ៊ីស្រាអែល ក៏ការប្រយុទ្ធបាញ់ផ្លោងមួយនេះ បានលើកទឹកចិត្ត ដល់ពលរដ្ឋអារ៉ាប់ ដើមកំណើតអ៊ីស្រាអែល ឬមួយពលរដ្ឋអ៊ីស្រាអែល ដែលមានកំណើតជាអារ៉ាប់ ធ្វើបាតុកម្មប្រឆាំងទៅនឹងអាជ្ញាធរអ៊ីស្រាអែល ដែលមានប្រតិកម្មជាយោធាមានភាពខ្លាំងក្លា ហួសហេតុពេកមកលើតំបន់Gaza ដែលសូម្បីតែ គណបក្សប្រជាធិបតេយ្យ របស់អាមេរិក ក៏មើលឃើញថា អ៊ីស្រាអែល ជាអ្នកខ្លាំងហើយ តែបាននិងកំពុងប្រើធម៌ក្ដៅធ្វើការបង្រ្កាបមកលើប្រជាជាតិ ប៉ាឡេស្ទីន ដ៏ទន់ខ្សោយនោះ! ហើយសូម្បីតែជនជាតិ អាមេរិកដើមកំណើតអ៊ីស្រាអែល ក៏មានសមានចិត្ត យោគយល់ចំពោះបុព្វហេតុ តស៊ូរបស់ជនជាតិប៉ាឡេស្ទីន ផងដែរ។
សង្រ្គាម អ៊ីស្រាអែល-ប៉ាឡេស្ទីន មានចរិតកាចសាហាវ ស៊ីសាច់ហុតឈាមគ្នា គ្មានការយោគយល់អនុគ្រោះគ្នាឡើយ ដោយនេះជាសង្រ្គាមពូជសាសន៍ សង្រ្គាមសាសនា និងចុងក្រោយជាសង្រ្គាមដណ្ដើមដែនដីកាន់កាប់ដើម្បីសេចក្ដីរស់រានរបស់ប្រជាជាតិខ្លួននៅក្នុងតំបន់របស់ដែនដីព្រះប្រទាន(Promised Land)មួយនេះ! ក៏ប៉ុន្តែព្រឹត្តិការណ៍នៃការប្រទូស្តរាយជាអាវុធលើកនេះមានសភាពខុសទៅនឹងឧបទ្ទវហេតុនៃសង្រ្គាមមុនៗ ដោយលើកនេះជាការវិវាទរវាងជនជាតិអារ៉ាប់ដែលរស់នៅកើតជាក្នុងដែនដីរបស់អ៊ីស្រាអែលជាមួយនិងប្រជាជនដែលមានដើមកំណើតអ៊ីស្រាអែលផ្ទាល់!។
ជាតថភាព នៅក្នុងប្រទេសអ៊ីស្រាអែល បច្ចុប្បន្នមានប្រជាជនដើមកំណើតអារ៉ាប់ប្រមាណ២លាននាក់ ក្នុងចំណោមជនជាតិអ៊ីស្រាអែល ទាំងអស់ជាង ៧លាននាក់ ដោយពួកអារ៉ាប់ ទាំងនេះ មានប្រហែលល២០% ក្នុងចំណោមប្រជាជន អ៊ីស្រាអែលនៅក្នុងស្រុកទាំងអស់៦.៤លាននាក់ ជារួមជនជាតិអារ៉ាប់ទាំងអស់នេះមានពូជពង្ស សែស្រឡាយជាជនជាតិប៉ាឡេស្ទីនដែលរស់នៅលើដែនដី នេះយូរហើយ មិនបោះបង់ទីកន្លែងកំណើតក្រោយពីមានសង្រ្គាម បង្កើតរដ្ឋអ៊ីស្រាអែល នាឆ្នាំ១៩៤៧មក! ដោយពួកគេក្រាញននៀលរស់នៅ ជាមួយសហគមន៍ ជនជាតិ អ៊ីស្រាអែល រហូតមកដល់ពេលបច្ចុប្បន្ននេះ!។ ហើយនៅលើផ្លូវច្បាប់ ជនជាតិអារ៉ាប់ទាំងនេះ គឺជាពលរដ្ឋពេញលេញ មានសិទ្ធិអំណាចស្មើភាពដូចពលរដ្ឋអ៊ីស្រាអែល ដែលបច្ចុប្បន្ននេះ ពួកជនជាតិអ៊ីស្រាអែលដើមកំណើតអារ៉ាប់ទាំងនេះ មានគណបក្សនយោបាយបីកំពុងធ្វើសកម្មភាពនៅក្នុងជីវភាពនយោបាយក្នុងប្រទេសអ៊ីស្រាអែល ដែលរដ្ឋាភិបាលអ៊ីស្រាអែលមានការរំពឹងថា ស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីស្រាអែលអាចនិងមានការចុះកម្ដៅ ពេលដែលអ៊ីស្រាអែលមានរដ្ឋាភិបាលចម្រុះមួយ ដោយមាននាយករដ្ឋមន្រ្តីជាជនជាតិអារ៉ាប់ឬរដ្ឋមន្រ្តីការពារជាតិជាជនជាតិអ៊ីស្រាអែលដើមកំណើតអារ៉ាប់ចូលរួមក្នុងការដឹកនាំប្រទេសអ៊ីស្រាអែលនោះ!។
លើមូលដ្ឋានគតិយុត្តិនេះហើយ ទើបជនជាតិអ៊ីស្រាអែល មានពាក្យស្លោកនយោបាយមួយថា អ៊ីស្រាអែលមិនបារម្ភភ័យខ្លាច ទៅនឹងការធ្វើសង្រ្គាមនោះទេ ដោយសង្រ្គាមពុំអាចយកឈ្នះ មកលើអ៊ីស្រាអែលបាន! តែអ៊ីស្រាអែលដែលភ័យខ្លាចនោះ គឺពេលដែលប្រទេសអ៊ីស្រាអែល មានសុខសន្តិភាព ពេលនោះជនជាតិអារ៉ាប់និងសម្លាប់ប្រជាជាតិអ៊ីស្រាអែល ដោយតាមរយៈវិធានប្រជាសាស្រ្ត នេះឯង!កត្តាប្រជាសាស្រ្តជាជោគវាសនាក្នុងការកំណត់ អនាគតអ៊ីស្រាអែល!។
អំពីប្រជាសាស្រ្តអ៊ីស្រាអែល
គិតរហូតមកដល់ថ្ងៃទី១ មករា ២០១៨ ប្រជាជនអ៊ីស្រាអែល ដែលមានសរុបទាំងអស់លើពិភព លោកទាំងមូលប្រមាណ១៤.៥លាននាក់ ដោយឡែកមាននៅលើទឹកដីអ៊ីស្រាអែលបច្ចុប្បន្នប្រមាណ ៦ ៤៣៦ ៤០០ នាក់។ ក្នុងចំណោមសហគមន៍ជនជាតិអ៊ីស្រាអែលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺនៅអាមេរិកមាន៥.៧លាននាក់ នៅបារាំងមាន៤៦០ ០០០នាក់ នៅកាណាដា ៣៩៨ ០០០នាក់ នៅអង់គ្លេស២៩០ ០០០នាក់ នៅរុស្ស៊ីប្រមាណ២០០ ០០០ នាក់ល-ល…។
នៅមុនសង្រ្គាមលោកលើកទី២ ជនជាតិអ៊ីស្រាអែល លើពិភពលោកមានទាំងអស់ប្រមាណ១៦.៧លាននាក់ ដែលក្នុងនោះមានជនជាតិអ៊ីស្រាអែលប្រហែលជាង៦លាននាក់ត្រូវបានសម្លាប់និងស្លាប់ក្នុងសង្រ្គាមលោកលើកទី២!៕
ដោយ ហើស សិរិធន់