ព័ត៌មានអន្តរជាតិ

សូម៉ាលី ជំរុញឲ្យកេនយ៉ា បើកបេសកកម្មការទូតឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ម៉ូហ្គាឌីស្យូ៖ ប្រទេសសូម៉ាលី បានអំពាវនាវ ដល់ប្រទេសកេនយ៉ា ឲ្យបើកបេសកកម្មការទូត របស់ខ្លួនឡើងវិញ នៅម៉ូហ្គាឌីស្យូ បន្ទាប់ពីមានប្រក្រតីភាពនៃទំនាក់ទំនង រវាងប្រទេសជិតខាងទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិសូម៉ាលី បានឲ្យដឹងថា ម៉ូហ្គាឌីស្យូ នឹងបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសកេនយ៉ាឡើងវិញ ដើម្បីធ្វើទំនាក់ទំនងការទូត ពេញលេញឡើងវិញ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការបន្តទំនាក់ទំនង ការទូតពេញលេញនឹង ជាការចាប់ផ្តើមវិជ្ជមានមួយ សម្រាប់ការចាប់ផ្តើម នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រទេសទាំងពីរ” ។

ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីប្រទេសកេនយ៉ា កាលពីថ្ងៃទី១០ ខែមិថុនា បានដកបម្រាម របស់ខ្លួនលើជើងហោះហើរទៅកាន់ និងមកពីប្រទេសសូម៉ាលី បន្ទាប់ពីមានការហាមឃាត់ជិតមួយខែ ចំពេលមានជម្លោះការទូត រវាងប្រទេសទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសកេនយ៉ាបានឲ្យដឹងថា ចលនានេះគឺជាកាយវិការ សុច្ឆន្ទៈមួយនៅក្នុងក្តីសង្ឃឹមថា វានឹងនាំឱ្យមានភាពប្រក្រតីពេញ លេញនៃទំនាក់ទំនងជា មួយប្រទេសសូម៉ាលី។

ក្រោយមកសូម៉ាលី បានស្វាគមន៍ ចំពោះការចាប់ផ្តើមជើងហោះហើរឡើងវិញ ហើយបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការស្តារ និងពន្លឿនទំនាក់ទំនងការទូតពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីភាពរុងរឿង របស់សូម៉ាលី និងកេនយ៉ាឡើងវិញ៕

ដោយ ឈូក បូរ៉ា

To Top
×